មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ផ្លោងនៅប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ និង ៨នាក់ផ្សេងទៀតបានរងរបួស កាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់បានផ្ទុះឡើងនៅក្នុងតំបន់ Al-Harsha នៃទីក្រុងហ្សាវីយ៉ា ដែលស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីទ្រីប៉ូលីប្រទេសលីប៊ី។
យោងតាមសេចក្តីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅឯជំរុំមួយដែលស្ថិតក្រោមទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងសន្តិសុខ។ ស្ថានីយទូរទស្សន៍ Al-Ahrar បានដកស្រង់សម្តីប្រភពពីមន្ទីរពេទ្យមួយថា អ្នករងរបួស និងសាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Sorman។
ប្រភពព័ត៌មានក៏បានឱ្យដឹងដែរថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលមន្ទីរពេទ្យនានាក្នុងទីក្រុងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាម ដោយសារកំពុងជួបប្រទះបញ្ហាខ្វះខាតឈាម។
ទីភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងសន្តិសុខនេះ មានទំនាក់ទំនងជាមួយលោក ម៉ូហាមមេដ បាហ៍រ៉ុន (Mohammed Bahrun)ដែលគេស្គាល់ទូទៅថាជា «Al-Far» ហើយទីភ្នាក់ងារនេះដំណើរការក្រោមក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលឯកភាពជាតិ របស់ប្រទេសលីប៊ី។
រហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដែលពន្យល់អំពីកាលៈទេសៈនៃហេតុការណ៍នេះនៅឡើយទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





