យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធិនចំនួន៥៥៦នាក់ នៅខេត្តសៀមរាបទទួលបានការណែនាំតម្រង់ទិស ក្នុងស្មារតីស្នេហាជាតិមុតស្រួច
AKP សៀមរាប ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--កងរាជអាវុធហត្ថខេត្តសៀមរាប នានៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធិន នៃកងរាជអាវុធហត្ថចំនួន៥៥៦នាក់។ ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងណែនាំតម្រង់ទិសដល់យុវជនដែលមានស្មារតីស្នេហាជាតិមុតស្រួច និងស្ម័គ្រចិត្តចូលរួមបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានក្រុមការងារទី១ នៃអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ បានលើកឡើងនូវគោលការណ៍មួយចំនួន ក្នុងការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធិន ក្នុងក្របខណ្ឌកងរាជអាវុធហត្ថ ដែលបេក្ខជនទាំងអស់ត្រូវឆ្លងកាត់នៃការប្រឡង មាន៥វិញ្ញាសារ និង កីឡាផងដែរ ។

លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ក្នុងចំណោមប្អូនៗយុវជនស្ម័គ្រចិត្តទាំង ៥៥៦នាក់នេះ គឺត្រូវធ្វើការប្រកាសជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថនេះ គឺដើម្បីបំពេញក្របខ័ណ្ឌចំនួន ១០០នាក់ សម្រាប់បម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និង ឧត្តមគតិ។ ក្នុងនាមជាប្រធាន ក្រុមការងារទី១ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានដឹកនាំក្រុមការងារ ចាប់ផ្ដើមត្រួតពិនិត្យ លក្ខណៈសម្បត្តិ និង ពិនិត្យកាយសម្បទា ដល់បេក្ខជន ដែលបានស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្រប- ខ័ណ្ឌកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្តសៀមរាប ។

លោកក៏បានលើកនូវប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា កាតព្វកិច្ចយោធា គឺជាការវិនិយោគ សូមយុវជនកុំមើលកាតព្វកិច្ចយោធាជាបន្ទុក តែជាឱកាសចូលបម្រើជាតិ ពង្រឹងវិន័យសីលធម៌ ពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកងទ័ព។ ក្នុងនោះដែរ លោកក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមយុវជនបានបង្ហាញទឹកចិត្តប្តូរផ្តាច់ ប្រកបដោយស្មារតីមុតស្រួច និងមានឆន្ទៈមុតមាំ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ក្នុងករណីមានខ្មាំងសត្រូវ ឬ រដ្ឋបរទេសណាមួយ ចង់ឈ្លានពានប្រទេសជាតិ ៕


ដោយ ឃុត សៅ





