មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាក់កងក្នុងស្បូន ដើម្បីពង្រឹងសេវាពន្យារកំណើតនៅមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការដាក់កងក្នុងស្បូន» ដើម្បីពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលក្នុងការផ្តល់សេវាពន្យារកំណើតប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការគាំទ្រថវិកាពីមូលនិធិកូរ៉េសម្រាប់សុខភាពអន្តរជាតិ (KOFIH) និងប្រព្រឹត្តទៅនៅសាលប្រជុំផ្ការំដួល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីបុគ្គលិកសុខាភិបាលពាក់ព័ន្ធ ដើម្បីទទួលបានចំណេះដឹង និងជំនាញចាំបាច់សម្រាប់យកទៅអនុវត្តន៍ក្នុងការផ្តល់សេវាជាក់ស្តែង។

ថ្លែងក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានលើកបង្ហាញពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលលើសេវាពន្យារកំណើត ជាពិសេសបច្ចេកទេសដាក់កងក្នុងស្បូន ដែលជាមធ្យោបាយពន្យារកំណើតមួយប្រភេទដែលអាចជួយស្ត្រីក្នុងវ័យបន្តពូជរៀបចំផែនការគ្រួសារ និងកំណត់ចន្លោះពេលនៃការមានកូនស្របតាមតម្រូវការ និងស្ថានភាពសុខភាពរបស់ខ្លួន។

លោកបានគូសបញ្ជាក់ថា ការផ្តល់សេវាពន្យារកំណើតប្រកបដោយគុណភាព តម្រូវឱ្យបុគ្គលិកសុខាភិបាលមានចំណេះដឹងត្រឹមត្រូវ ជំនាញបច្ចេកទេសច្បាស់លាស់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកទទួលសេវា។ ដូច្នេះ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសសំខាន់សម្រាប់បង្កើនសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីសុខាភិបាល ដើម្បីឱ្យពួកគេអាចផ្តល់ការប្រឹក្សា និងសេវាពន្យារកំណើតបានកាន់តែល្អប្រសើរ ស្របតាមស្តង់ដារបច្ចេកទេស និងគោលការណ៍វិជ្ជាជីវៈសុខាភិបាល។
ជាមួយគ្នានេះ ការបណ្តុះបណ្តាលក៏មានគោលបំណងផ្តល់ចំណេះដឹងទ្រឹស្តី និងជំនាញអនុវត្តន៍ជាក់ស្តែងពាក់ព័ន្ធនឹងការដាក់កងក្នុងស្បូនដល់បុគ្គលិកមណ្ឌលសុខភាពក្នុងខេត្ត ព្រមទាំងពង្រឹងសមត្ថភាពក្នុងការផ្តល់ព័ត៌មាន ការប្រឹក្សា និងសេវាពន្យារកំណើតដល់ស្ត្រីក្នុងវ័យបន្តពូជ ដោយគោរពសិទ្ធិ សេចក្តីសម្រេចចិត្ត និងតម្រូវការរបស់អ្នកទទួលសេវា។
ការដាក់កងក្នុងស្បូន គឺជាមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធភាពខ្ពស់ និងអាចផ្តល់ការការពារក្នុងរយៈពេលយូរ អាស្រ័យលើប្រភេទកង។ ទោះជាយ៉ាងណា ការជ្រើសរើសមធ្យោបាយពន្យារកំណើតត្រូវផ្អែកលើការប្រឹក្សាព័ត៌មានច្បាស់លាស់ ការវាយតម្លៃស្ថានភាពសុខភាព និងការសម្រេចចិត្តដោយស្ម័គ្រចិត្តរបស់ស្ត្រី ដោយការដាក់ និងដកកងត្រូវអនុវត្តន៍ដោយបុគ្គលិកសុខាភិបាលដែលមានជំនាញ និងបណ្តុះបណ្តាលត្រឹមត្រូវ។
ក្នុងរយៈពេល៥ថ្ងៃនេះ អ្នកចូលរួមនឹងមានឱកាសសិក្សាឈ្វេងយល់បន្ថែមអំពីចំណេះដឹង និងបច្ចេកទេសពាក់ព័ន្ធនឹងការផ្តល់សេវាដាក់កងក្នុងស្បូន ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារនៅតាមមូលដ្ឋានសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខភាពបន្តពូជឱ្យកាន់តែមានប្រសិទ្ធភាព។
ការគាំទ្ររបស់មូលនិធិកូរ៉េសម្រាប់សុខភាពអន្តរជាតិ (KOFIH) ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាល និងការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពប្រកបដោយគុណភាពនៅថ្នាក់មូលដ្ឋាន។

តាមរយៈការបង្កើនចំណេះដឹង និងជំនាញដល់បុគ្គលិកសុខាភិបាល វគ្គបណ្តុះបណ្តាលនេះត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងការផ្តល់សេវាពន្យារកំណើតនៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ជួយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវមានជម្រើសសមស្របក្នុងការរៀបចំផែនការគ្រួសារ និងរួមចំណែកលើកកម្ពស់សុខភាពមាតា និងកុមារ ព្រមទាំងសុខុមាលភាពគ្រួសារនៅក្នុងសហគមន៍៕
ដោយ ឈុន សារ៉ាត





