ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលស្រុកស្ទោង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកអភិបាលរងស្រុក ដែលបានទទួលមរណភាពដោយរោគាពាធ
AKP កំពង់ធំ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សាយ គឹមឡម អភិបាលស្រុកស្ទោងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក កែវ សុភ័ក្ត្រ អភិបាលរងស្រុកស្ទោង ដែលបានទទួលមរណភាពដោយរោគាពាធដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ថ្នាក់ដឹកនាំមួយរូប ដែលធ្លាប់បានរួមចំណែកបម្រើការងារជូនរដ្ឋបាលស្រុក និងសង្គមជាតិ។

លោក សាយ គឹមឡម បានថ្លែងថា មរណភាពលោក កែវ សុភ័ក្ត្រ មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់សហការី និងថ្នាក់ដឹកនាំឆ្នើមមួយរូបក្នុងជួររដ្ឋបាលស្រុកស្ទោង ដែលធ្លាប់ចែករំលែកការងារ ការទទួលខុសត្រូវ និងបេសកកម្មបម្រើប្រជាពលរដ្ឋជាមួយគ្នាមិនដែលស្រាកស្រាន។ ទោះបីរូបកាយរបស់លោកបានលាចាកឆ្ងាយពីមិត្តរួមការងារក៏ដោយ ប៉ុន្តែស្នាដៃនៃការចូលរួមបំពេញភារកិច្ច និងអនុស្សាវរីយ៍ដែលបានបន្សល់ទុក នឹងនៅតែជាផ្នែកមួយនៃការចងចាំរបស់អ្នកដែលធ្លាប់ស្គាល់ និងបានរួមការងារជាមួយលោកជារៀងរហូត។

លោក កែវ សុភ័ក្ត្រ ជាអ្នកតស៊ូដ៏ឆ្នើមមួយរូប ដែលបានបម្រើប្រជាពលរដ្ឋក្នុងស្រុកស្ទោងរហូតដល់នាទីចុងក្រោយ ដោយបានបន្សល់ទុកស្នាដៃ និងអនុស្សាវរីយ៍ជាច្រើន ក្នុងក្រអៅបេះដូងប្រជារាស្ត្រ និងមន្ត្រីរាជការទាំងអស់ឱ្យអាឡោះអាល័យរូបលោក មិនចង់ឱ្យឃ្លាត។

សូមបញ្ជាក់ថា លោក កែវ សុភ័ក្ត្រ បានទទួលមរណភាពកាលពីថ្ងៃពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៤៦ឆ្នាំ។ ក្នុងឱកាសនោះថ្នាក់ដឹកនាំស្រុកស្ទោង និងមន្ត្រីរាជការ កងកម្លាំងទាំងបី បានចូលរួមបច្ច័យសរុបចំនួន៥លាន ៥សែនរៀល៕
ដោយ ស៊ុម វណ្ណា





