រដ្ឋបាលស្រុកស្អាង រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
AKP កណ្ដាល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦-- ក្នុងគោលបំណងឆ្លើយតបឱ្យចំគោលដៅ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្អាងបានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ស្រុក នៅថ្នាក់ស្រុក ក្រោមអធិបតីភាពលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា សិក្ខាសាលានេះគឺជាវេទិកាសំខាន់សម្រាប់ផ្សារភ្ជាប់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាមួយផែនការ និងលទ្ធភាពគាំទ្ររបស់មន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ឆ្លើយតបបានចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។ សម្រាប់ខេត្តកណ្តាល សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក បានចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅក្រុង ស្រុកទាំង១៣ ក្នុងខេត្ត ដើម្បីគាំទ្រការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។

គម្រោងដែលបានស្នើឡើងគឺពិតជាមានសារៈសំខាន់ទាំងអស់ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ និងសហការគាំទ្រគម្រោងដែលមានអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំពោះគម្រោងអាទិភាពដែលរដ្ឋបាលឃុំ ស្រុកបានស្នើឡើងក្នុងឆ្នាំ២០២៦ សម្រាប់អនុវត្តឆ្នាំ២០២៧ លោកអភិបាលរងខេត្ត បានស្នើឱ្យមន្ទីរ អង្គភាព អង្គការ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ពិនិត្យលទ្ធភាព និងធនធាន ដើម្បីចូលរួមគាំទ្រតាមសមត្ថភាព ជាមួយគ្នានេះ ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ត្រូវធ្វើឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយគម្រោងនីមួយៗត្រូវឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវពិនិត្យឱ្យបានម៉ត់ចត់លើលក្ខណៈបច្ចេកទេស និងលទ្ធភាពអនុវត្ត។


នាឱកាសនោះ លោកអភិបាលរងខេត្តបានឱ្យដឹងថា គម្រោងដែលឃុំ ស្រុកទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤ ៣២៥ គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ ដោយឡែក ស្រុកស្អាង គម្រោងស្នើឡើងសរុប ៣៨២ រួមមាន វិស័យកសិកម្ម ៣១គម្រោង វិស័យ អាជីវកម្ម ៥៥គម្រោង វិស័យវិស័យអប់រំ ៤០គម្រោង វិស័យសុខភាព ៨១គម្រោង វិស័យភាពងាយរងគ្រោះ ២៦គម្រោង-វិស័យបរិស្ថាន ៥៤គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ៩៥គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ចំនួន ២០៤គម្រោង ស្មើនឹង ៥៣ភាគរយ។
សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលានេះ គម្រោងរបស់ស្រុកស្អាង ទទួលបានការគាំទ្រ ចំនួន ៣២៩គម្រោង លើ៤៤១គម្រោង ស្មើនឹង៧៥ភាគរយ ក្នុងនោះគម្រោងទទួលបានការគាំទ្រចំនួន២៧០គម្រោង លើ៤៤១គម្រោង ស្មើនឹង៦១ភាគរយ និងក្រៅគម្រោង ចំនួន ១០៥គម្រោង លើ៤៤១គម្រោង ស្មើនឹង២៤ភាគរយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





