ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ ក្រោមឱវាទក្រសួងនិង អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន៣ខ្សែ និងស្ពានចំនួន ៣កន្លែង ដែលកុំពុងអនុវត្ត និងទទួលរងការខូចខាត ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ផ្លូវជនបទទាំង៣ខ្សែរួមមាន៖ ខ្សែទី១. ឈ្មោះ ភូមិផ្កាដូង-ត្រពាំងប្ញស្សី ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១៨.៧៦ គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ទៅដល់ភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ។ ផ្លូវនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នទទួលរងការខូចខាតដោយកន្លែង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ខ្សែទី២. សាងសង់ផ្លូវប្រវែង ២,៩០ គ.ម. ក្នុងនោះ ផ្លូវបេតុង ប្រវែង ៣០០ម៉ែត្រ និងផ្លូវល្បាយគ្រួស ២,៦០ គ.ម. ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះបាននិងកំពុងអនុវត្តគម្រោសាងសង់ ដោយសម្រេចបានប្រមាណ ៧០%នៃផែនការ។ ខ្សែទី៣ជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ និងបេតុង មានប្រវែង ៣,៧ គ.ម. តភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ឆ្ពោះទៅភ្ជាប់នឹងផ្លូវបំបែកពាមកោះស្នា ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានសាងសង់នៅឆ្នាំ២០២០ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្ដមរដ្ឋមន្រ្ដី និងមន្ត្រីបច្ចេកទេស ក៏បានបន្តអញ្ជើញទៅពិនិត្យស្ពានចំនួន ៣កន្លែងផ្សេងទៀតរួមមាន៖ ស្ពានបេតុងកំពុងសាងសង់ចំនួន១កន្លែង ប្រវែង១៨ម៉ែត្រ ទទឹង៨ម៉ែត្រ ស្ថិតនៅភូមិបឹងតាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រេចបានវឌ្ឍនភាព៧០%។ ស្ពានបេតុង ព្រែកអាចារ្យសួន មានប្រវែង ៩០ម៉ែត្រ ទទឹងប្រវែង ៩,៦០ ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២០។ ស្ពានបាឡេត៌ ព្រែកតាយី មានប្រវែង៦៣ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ១៩៩៣ ដែលគ្រោងនឹងសាងសង់ជាស្ពានបេតុង។

តាមរយៈការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង នាយកយដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំត្រូវត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសិក្សាលទ្ធភាពក្នុងការសិក្សាលើកកម្រិតគុណភាពផ្លូវឡើងវិញចំពោះខ្សែផ្លូវដែលរងការខូចខាត ដើម្បីធ្វើការដោះស្រាយសម្រួលចរាចរណ៍ដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ដោយឡែកស្ពានបាឡេមួយកន្លែងស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់នាយកដ្ឋានជំនាញសិក្សាលទ្ធភាពដាក់បញ្ចូលក្នុងគម្រោងផែនការ តាមនិតិវិធីជាធរមាន៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





