មូលនិធិ SDF និង ILO បណ្តុះបណ្តាលគ្រូបង្គោលកម្ពុជាលើជំនាញយានយន្តថាមពលថ្មី EV នៅចិន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦-- មូលនិធិអភិឌ្ឍន៍ជំនាញ SDF និងដៃគូអន្តរជាតិ ILO បន្តពង្រឹងជំនាញយានយន្តថាមពលថ្មី តាមរយៈការបញ្ជូនគ្រូបង្គោលកម្ពុជាចំនួន១៦នាក់ មកពីគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឧស្សាហកម្ម ទៅទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាឯកទេស នៅទីក្រុងក្វាងចូវ ប្រទេសចិន ចាប់ពីថ្ងៃទី១៨-២៦ ខែតុលា ឆ្នាំ២០២៦។
កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងចំគោលដៅ សំដៅឆ្លើយតបនឹងការកើនឡើងនៃតម្រូវការជំនាញយានយន្តអគ្គិសនី (EV) នៅកម្ពុជា ដែលតាមការសិក្សារបស់ SDF បង្ហាញថា សហគ្រាសដល់ទៅ ៧៨ភាគរយ មានតម្រូវការជំនាញនេះកម្រិតខ្ពស់ និងខ្ពស់ខ្លាំង ស្របពេលដែលវគ្គបណ្តុះបណ្តាលក្នុងស្រុកនៅមានកម្រិតនៅឡើយ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលកម្ពុជាទទួលបានចំណេះដឹង និងការអនុវត្តផ្ទាល់លើបច្ចេកវិទ្យាយានយន្តអគ្គិសនីកម្រិតខ្ពស់ ប្រព័ន្ធសុវត្ថិភាព និងវិធីសាស្ត្របង្រៀនជាក់ស្តែង ដើម្បីអាចផ្ទេរជំនាញបន្តដល់កម្លាំងពលកម្មកម្ពុជាយ៉ាងតិច ១ ០០០ នាក់ ត្រឹមឆ្នាំ២០២៩ ព្រមទាំងពង្រឹងភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងវិស័យឧស្សាហកម្ម។


គំនិតផ្តួចផ្តើមនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាង SDF ILO និងគ្រឹះស្ថានបច្ចេកទេសឈានមុខរបស់ចិន ដែលរហូតមកដល់ពេលនេះបានបណ្តុះបណ្តាលគ្រូបង្គោលកម្ពុជាសរុប ១៣៦ នាក់ លើជំនាញបច្ចេកវិទ្យាអាទិភាពចំនួន៥ រួមមាន យានយន្តថាមពលថ្មី (NEV) យានយន្តអគ្គិសនីកម្រិតខ្ពស់ រ៉ូបូតឧស្សាហកម្ម សំណង់ឌីជីថល (BIM/Revit) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម (PLC)។

ការបណ្តុះបណ្តាលធនធានគ្រូបង្គោល គឺជាជំហានយុទ្ធសាស្ត្រក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីគាំទ្រដល់ការទាក់ទាញការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី និងការកសាងកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារការងារនាពេលអនាគត៕

ដោយ ណយ នឿន (ប្រភព៖ SDF)





