លោកជំទាវបណ្ឌិត គឹម សេដ្ឋានី ជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- ក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ នៅនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ។

ក្នុងកិច្ចសំណេះសំណាលនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះមន្ត្រីការទូត និងជាពិសេសប្អូនៗនិស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ផ្តល់ការគាំពារ និងសម្របសម្រួលដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការរស់នៅ និងការសិក្សារបស់និស្សិតកម្ពុជានៅសាធារណរដ្ឋកូរ៉េ។ លោកជំទាវបានលើកទឹកចិត្តដល់ប្អូនៗនិស្សិតកម្ពុជាឱ្យបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងស្រាវជ្រាវ ព្រមទាំងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង បច្ចេកវិទ្យា និងជំនាញជាក់ស្តែងពីប្រទេសជឿនលឿន ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងមាតុភូមិកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះ និស្សិតទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីភាព ស្មារតីសហការគ្នា និងការជួយយកអាសារគ្នាទៅវិញទៅមក តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការជួយគ្នាក្នុងការសិក្សា និងការរស់នៅក្រៅប្រទេស ជាពិសេសនិស្សិតត្រូវយកចិត្តទុកដាក់ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងដើរតួនាទីជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់កម្ពុជាជូនមិត្តភក្តិអន្តរជាតិ និងត្រូវគោរពច្បាប់ និងទំនៀមទម្លាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ។

នាឱកាសនេះ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះលោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អនុសាសន៍ដ៏មានអត្ថន័យ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់និស្សិតកម្ពុជា និងជាការលើកទឹកចិត្តដ៏សំខាន់ដល់ប្អូនៗនិស្សិតក្នុងការបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីសម្រេចបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងការទទួលខុសត្រូវសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





