រដូវវស្សាឆ្នាំនេះបញ្ចប់ត្រឹមសប្ដាហ៏ទី៣ ខែតុលា បាតុភូតកម្ដៅរាំងស្ងួតអែលនីញ៉ូនឹងគ្របដណ្ដប់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ ជាពិសេស បណ្ដាតំបន់ជនបទដាច់ស្រយាលស្ថិតនៅឆ្ងាយពីប្រភពទឹក។
យោងតាមការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកលតំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៦ នេះ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន នឹងនាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា។

យោងលើស្ថានភាពអាកាសធាតុវិវត្តន៍ប្រែប្រួលដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួឱ្យបានល្អ និងត្រូវពិនិត្យ វាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ ទី១) សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ (អាទិភាព) និងទី២) សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ។

សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាបន្តចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕
ដោយ៖ សួស សំរិត





