ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងបើកច្រកសមុទ្រហ័រមិសនៅថ្ងៃទី៦ នៃផែនការ ប្រសិនបើសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនានា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស់ អារ៉ាកឈី បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ នោះ ច្រកសមុទ្រហ័រមុសនឹងត្រូវបើកឡើងវិញនៅថ្ងៃទី៦ នៃផែនការ ហើយកិច្ចចរចានឹងចាប់ផ្តើមនៅថ្ងៃទី៧។
លោក អារ៉ាកឈី បាននិយាយថា «តាមទស្សនៈរបស់យើង ផែនការរយៈពេល ៧ថ្ងៃ គឺត្រូវបានដាក់ជូនរួចហើយ។ ប្រសិនបើសហរដ្ឋអាមេរិកបង្ហាញភាពស្មោះត្រង់ (ដែលបច្ចុប្បន្នយើងមិនទាន់ឃើញមាននោះទេ) នោះគេដឹងច្បាស់ហើយថាត្រូវធ្វើអ្វីបន្ត។ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌច្រកសមុទ្រនេះនឹងបើកនៅថ្ងៃទី៦ ហើយកិច្ចចរចានឹងចាប់ផ្តើមនៅថ្ងៃទី៧»។
កាលពីខែកញ្ញា រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា អ៊ីរ៉ង់បានផ្ញើផែនការរយៈពេល ៧ថ្ងៃមួយទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួលដើម្បីបើកច្រកសមុទ្រហ័រមូស។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនៅទីក្រុងតេអេរ៉ង់ផងដែរ ដែលបណ្តាលឱ្យមានការខូចខាត និងមានជនស៊ីវិលរងគ្រោះ។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារទៅលើទឹកដីអ៊ីស្រាអែលនិងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ភាពតានតឹងដែលកើនឡើងជុំវិញប្រទេសអ៊ីរ៉ង់ បាននាំឱ្យមានការបិទច្រកសមុទ្រហ័រមុស (ក្នុងន័យជាក់ស្តែង) ដែលជាផ្លូវដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារពិភពលោក។ ស្ថានការណ៍នេះក៏បានប៉ះពាល់ដល់កម្រិតនៃការនាំចេញ និងផលិតកម្មប្រេងនៅក្នុងតំបន់ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





