ឯកឧត្តម សុខ លូ នាំអំណោយរបស់ សម្ដេចធិបតី ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ស្រុកសំឡូត
AKP បាត់ដំបង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥០គ្រួសារ នៅក្នុងឃុំតាសាញ ឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត ឃុំកំពង់ល្ពៅ ឃុំតាតោក និងឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។

ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរក្នុងមូលដ្ឋានដែលខិតខំចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានការលំបាកដោយគ្រោះទឹកជំនន់ និងគ្រប់គ្រងស្ថានការបានដោយមិនឱ្យពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិត។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦ នេះ មានរយៈពេល ៥៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោត និងធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតដើម្បីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដោយថតរូប និងផ្ដិតមេដៃ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





