ក្រសួងការបរទេរុស្ស៊ី៖ រុស្ស៊ី និងគុយវ៉ែត អំពាវនាវឱ្យកាត់បន្ថយភាពតានតឹងនៅឈូងសមុទ្រពែរ្ស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងប្រទេសគុយវ៉ែតចាត់ទុកថាវាជាការចាំបាច់ណាស់ក្នុងការស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក ចារ៉ាហ៍ ចាបឺរ អាល់-អាម៉ាដ អាល់-សាបាហ៍ នៅទីក្រុងម៉ាណាម៉ា ដែលជារដ្ឋធានីនៃប្រទេសបារ៉ែនក្នុងអំឡុងពេលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រជុំទី៩ រវាងរុស្ស៊ី និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បាននិយាយថា «រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការស្វែងរកវិធីដើម្បីកាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័សនៅក្នុងតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ (តំបន់ឈូងសមុទ្រពែរ្ស)។ ពួកគេបានបញ្ជាក់ថា មិនមានជម្រើសអ្វីផ្សេងក្រៅពីការដោះស្រាយភាពខុសគ្នាដែលមានស្រាប់តាមរយៈមធ្យោបាយនយោបាយ និងការទូតនោះទេ ដោយត្រូវគោរពផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់នេះដោយគ្មានលក្ខខណ្ឌ»។
ការកើនឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បាននាំឱ្យមានការបិទច្រកសមុទ្រហ័រមុស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារពិភពលោក។ ស្ថានភាពនេះក៏បានជះឥទ្ធិពលដល់កម្រិតនៃការនាំចេញ និងផលិតកម្មប្រេងនៅក្នុងតំបន់ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ផងដែរ៕





