អាស៊ានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ភាពក្រីក្រ និងធានាសន្តិសុខស្បៀង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- អាស៊ានបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលុបបំបាត់ភាពក្រីក្រ ការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ការអភិវឌ្ឍជនបទប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើនឡើងចំពោះប្រព័ន្ធស្បៀង។
ថ្លែងក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងកិច្ចពិភាក្សាទូទៅ ស្តីពីការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍវិស័យកសិកម្មនិងសន្តិសុខស្បៀង ដែលរៀបចំឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ កាលពីពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត លោក ដូ ហ៊ុងវៀតតំណាងអចិន្ត្រៃយ៍នៃប្រទេសវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀងការទ្រទ្រង់ជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក វៀត បានលើកឡើងថា ដោយប្រឈមមុខនឹងបញ្ហាផ្សេងៗដូចជាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ តម្រូវការស្បៀងអាហារដែលកំពុងកើនឡើង និងការប្រែប្រួលនៃតម្លៃទំនិញ អាស៊ានកំពុងអនុវត្តយ៉ាងសកម្មនូវ «ចក្ខុវិស័យសម្រាប់វិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្ពោះទៅឆ្នាំ២០៤៥» ព្រមទាំងផែនការសកម្មភាពពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៦-២០៣០ ដើម្បីកសាងប្រព័ន្ធស្បៀងមួយដែលមានចីរភាព មានបរិយាបន្ន និងមានភាពធន់។
លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគាំទ្រដល់កសិករ និងសហគមន៍ជនបទ តាមរយៈការអនុវត្តកសិកម្មប្រកបដោយចីរភាព នវានុវត្តន៍និងការបង្កើនលទ្ធភាពទទួលបានបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងទីផ្សារ។
អ្នកការទូតរូបនេះបានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែរឹងមាំ គឺពិតជាចាំបាច់ណាស់សម្រាប់ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
ដោយគូសបញ្ជាក់ពីទំហំនៃបញ្ហាប្រឈមនេះ លោក វៀត បានកត់សម្គាល់ថា ប្រជាជនអាស៊ានប្រហែល ១៤% កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀង ខណៈដែលជិតមួយភាគបីនៃចំនួនប្រជាជនសរុបមិនមានលទ្ធភាពទិញអាហារដែលមានជីវជាតិគ្រប់គ្រាន់នោះទេ។ ហេតុដូច្នេះហើយ កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខស្បៀង មិនគួរគ្រាន់តែផ្តោតលើភាពអាចរកបាននៃអាហារប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាផងដែរថា អាហារដែលមានជីវជាតិមានតម្លៃសមរម្យ និងអាចរកទិញបានសម្រាប់មនុស្សគ្រប់គ្នា។
លោកឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់សារជាថ្មីអំពីអាទិភាពរបស់អាស៊ានក្នុងការលើកកម្ពស់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន និងនិរន្តរភាព ព្រមទាំងការកែលម្អកម្រិតជីវភាពរបស់សហគមន៍ងាយរងគ្រោះតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្តីពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ។
លោកបាននិយាយថា អាស៊ាននៅតែបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការថយចុះនៃចំនួនប្រជាជនក្នុងតំបន់ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ពី ១៣,៣% ក្នុងឆ្នាំ២០១៦ មកនៅត្រឹម ១០,៨% ក្នុងឆ្នាំ២០២៣។
លោក វៀត បានបន្ថែមថា អាស៊ានក៏កំពុងអនុវត្តគំនិតផ្តួចផ្តើមនានាដូចជាកម្មវិធី ភូមិមួយផលិតផលមួយ ការផ្តល់អំណាចដល់ស្ត្រី និងយុវជននៅតាមជនបទ ការពង្រីកការតភ្ជាប់ឌីជីថល និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីបង្កើតឱកាសជីវភាពកាន់តែច្រើន និងពង្រឹងសន្តិសុខស្បៀង។
អ្នកចូលរួមក្នុងការពិភាក្សានេះ បានចង្អុលបង្ហាញថា ភាពក្រីក្រអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អ្នកចូលរួមជាច្រើនបានអំពាវនាវឱ្យមានប្រព័ន្ធស្បៀងអាហារដែលមាននិរន្តរភាព និងភាពធន់ជាងមុន ការធ្វើកសិកម្មដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ និងប្រព័ន្ធគាំពារសង្គមព្រមទាំងការបង្កើនលទ្ធភាពសម្រាប់កសិករក្នុងការទទួលបានបច្ចេកវិទ្យាហិរញ្ញវត្ថុ និងទីផ្សារ៕





