ឥណ្ឌូណេស៊ីកត់ត្រាករណីជំងឺផ្លូវដង្ហើមជាង ២៨៣.០០០ករណី ចំពេលដែលមានហេតុការណ៍ភ្លើងឆេះព្រៃ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីឆ្លងជំងឺផ្លូវដង្ហើមស្រួចស្រាវចំនួន ២៨៣.២៧០ករណី នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយហេតុការណ៍ភ្លើងឆេះព្រៃ និងដីធ្លី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៣ ខែតុលា ខណៈដែលផ្សែងពុលនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ និងរាលដាលទៅដល់ប្រទេសជិតខាង។
យោងតាមលោកស្រី ធែន ស៊ូយ៉ាន់ទី មន្ត្រីមកពីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានឱ្យដឹងថា ចំនួនករណីទាំងនេះឆ្លុះបញ្ចាំងពីបន្ទុកសុខភាពដែលកំពុងកើនឡើង នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយផ្សែងចេញពីភ្លើងឆេះព្រៃទាំងនោះ។
តួលេខទាំងនេះបានជំរុញឱ្យសម្ព័ន្ធសង្គមស៊ីវិលមួយឈ្មោះថាSustainabilitas អំពាវនាវដល់រដ្ឋាភិបាលឱ្យប្រកាសថា គ្រោះអគ្គិភ័យទាំងនេះជាគ្រោះមហន្តរាយថ្នាក់ជាតិ និងពង្រឹងវិធានការបន្ទាន់នានាដើម្បីការពារប្រជាពលរដ្ឋ។
អគ្គិភ័យទាំងនេះបានបង្កការខូចខាតយ៉ាងខ្លាំង ជាពិសេសនៅក្នុងតំបន់កោះបូណេអូ និងកោះស៊ូម៉ាត្រា។ ផ្សែងពុលនោះក៏បានជះឥទ្ធិពលដល់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងតំបន់ផ្សេងទៀតនៅក្នុងតំបន់ផងដែរ ដែលបង្កឱ្យមានក្តីបារម្ភអំពីគុណភាពខ្យល់ និងការបំពុលឆ្លងព្រំដែន។
លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានបញ្ជាឱ្យមានការចល័តធនធានដើម្បីទប់ទល់នឹងអគ្គិភ័យ ដោយមានបុគ្គលិកជាង ៦០.០០០នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការបំបាត់គ្រោះអគ្គិភ័យនោះ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការទាំងនេះនៅតែជួបការលំបាកដោយសារអាកាសធាតុស្ងួតដែលផ្សារភ្ជាប់ទៅនឹងបាតុភូតអ៊ែលនីណូ និងការប្រើប្រាស់ភ្លើងដើម្បីសម្អាតដីសម្រាប់វិស័យកសិកម្ម។
អាជ្ញាធរក៏បានប្រើប្រាស់វិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិត និងការទម្លាក់ទឹកពីលើអាកាសផងដែរ ប៉ុន្តែប្រសិទ្ធភាពនៃវិធានការទាំងនេះនៅមានកម្រិត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





