កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ភេរវករ ៨នាក់ក្នុងប្រតិបត្តិការនៅខេត្តបាឡូជីស្ថាន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ -- យោងតាមការបញ្ជាក់របស់យោធាកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករចំនួន ៨នាក់នៅក្នុងប្រតិបត្តិការដាច់ដោយឡែកចំនួន៣ទីតាំងដែលផ្អែកលើព័ត៌មានសម្ងាត់នៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីនៃប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍មួយពីនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃកងកម្លាំងប្រដាប់អាវុធ (ISPR) បានឱ្យដឹងថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកកេតតា ស្រុកនូសគី និងស្រុកឃូសដារ នៃខេត្តនេះ ដើម្បីប្រឆាំងនឹងក្រុមភេរវករ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅតំបន់ Panjpai ក្នុងស្រុកកេតតាកងកម្លាំងសន្តិសុខបានរារាំងក្រុមភេរវករដែលប៉ុនប៉ងបង្កើតរបាំងបិទផ្លូវ និងរំខានដល់ចរាចរណ៍ក្នុងតំបន់ ដោយបានសម្លាប់ភេរវករចំនួន ៥នាក់។
នៅក្នុងប្រតិបត្តិការមួយនៅស្រុកនូសគី កងកម្លាំងសន្តិសុខបានរកឃើញ និងបោសសម្អាតទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ បន្ទាប់ពីមានការបាញ់ប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា ដោយបានសម្លាប់ភេរវករ២នាក់ ព្រមទាំងដកហូតបានអាវុធ និងគ្រាប់រំសេវមួយចំនួន។
ចំណែកឯនៅក្នុងស្រុកឃូសដារវិញ កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការយ៉ាងឆាប់រហ័សទៅលើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ ដោយបានសម្លាប់ភេរវករម្នាក់ និងរឹបអូសបានគ្រឿងផ្ទុះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





