គណៈប្រតិភូជាន់ខ្ពស់ក្រសួងអប់រំធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធគាំពារសុខភាព និងសុខុមាលភាពសិស្ស នៅវិទ្យាល័យ Yangjae សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦–
ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រព័ន្ធគាំពារសុខភាព និងសុខុមាលភាពសិស្ស នៅវិទ្យាល័យ Yangjae ដោយក្នុងឱកាសនេះលោកស្រីបណ្ឌិត Erica J. Jung នាយិកាវិទ្យាល័យបានបង្ហាញពីការគ្រប់គ្រងការលើកកម្ពស់សុខភាពសិក្សា និងការរៀបចំយន្តការគាំពារសិស្សឱ្យទទួលបានការអភិវឌ្ឍទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា។

បន្ទាប់ពីជំនួបពិភាក្សា គណៈប្រតិភូបានអញ្ជើញទស្សនាទីតាំងសំខាន់ៗមួយចំនួនក្នុងសាលា រួមមានបន្ទប់សុខភាពសិក្សា៖ សិក្សាស្វែងយល់ពីប្រព័ន្ធសង្គ្រោះបឋម ការពិនិត្យ និងតាមដានសុខភាពសិស្សជាប្រចាំ ក៏ដូចជាការបំពាក់ឧបករណ៍វេជ្ជសាស្ត្រមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងការឆ្លើយតបទាន់ពេលវេលានៅពេលសិស្សមានបញ្ហាសុខភាពក្នុងម៉ោងសិក្សា។ បន្ទប់ផ្ដល់ការប្រឹក្សាផ្លូវចិត្ត និងតម្រង់ទិស៖ សិក្សាស្វែងយល់ពីយន្តការជួយគាំទ្រផ្នែកចិត្តសាស្ត្រសង្គម ការផ្ដល់ការប្រឹក្សាលើបញ្ហាផ្ទាល់ខ្លួន ភាពតានតឹងក្នុងការសិក្សា ការទប់ស្កាត់អំពើហិង្សា ដើម្បីជួយឱ្យសិស្សមានសុខភាពផ្លូវចិត្តរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង។ បន្ទប់អាហារ និងផ្ទះបាយស្ដង់ដា៖ ពិនិត្យមើលប្រព័ន្ធគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារ និងការរៀបចំមុខម្ហូបប្រកបដោយតុល្យភាពអាហារូបត្ថម្ភសម្រាប់វ័យសិក្សា។

នាឱកាសនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរចំពោះគំរូនៃការគ្រប់គ្រងដ៏ល្អ និងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពរបស់វិទ្យាល័យ Yangjae ហើយថា បទពិសោធ និងគំរូជាក់ស្ដែងពីទស្សនកិច្ចនេះ គឺជាធាតុចូលដ៏មានតម្លៃក្នុងការយកមកអនុវត្ត និងពង្រឹងកម្មវិធីលើកកម្ពស់សុខភាពសិក្សា សុវត្ថិភាពចំណីអាហារ និងសេវាប្រឹក្សាផ្លូវចិត្តដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់សាលារៀនគំរូ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





