«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តកែប
AKP កែប ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦–
ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រោមការដឹកនាំនិងដោយក្តីយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកដំណាក់ចង្អើរ ខេត្តកែប ។ សម្រាប់កម្មវិធីពិនិត្យព្យាបាលនៅថ្ងៃនេះត្រូវបានប្រព្រឹត្តទៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការសហការចូលរួមពី ស្ថានឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក្រុមគ្រូពេទ្យរបស់ សមាគម TYDA បានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋបានចំនួនប្រមាណជា ៣ ២១៦ ករណី ។

ជាការពិតណាស់ ចំណងមិត្តភាពកម្ពុជា-ចិនគឺជាចំណងមិត្តភាពដ៏យូរអង្វែង តាំងពីបុរាណកាល ដែលបានរួមគ្នារីកចម្រើនលើគ្រប់វិស័យរហូតឈានដល់ការលើកកម្រិតក្លាយជាមិត្តដែកថែប។ មិត្តចិនជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា លើគ្រប់វិស័យទាំងអស់ស្របតាមចក្ខុវិស័យមួយ ពោលថា ចិននិងកម្ពុជាជាសហគមន៍វាសនារួមគ្នា ដែលបង្កើតឡើងលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចំពោះ សមាគម TYDA វិញ ស្ថានឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានឧបត្ថម្ភជាថវិកា សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ រួមទាំងឱសថព្យាបាល ជាច្រើន ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌ ក៏ដូចជាចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា បេសកកម្មនៅក្នុងមូលដ្ឋានខេត្តកែបនាថ្ងៃនេះ គឺជាលើកទី២ ហើយដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានមកពិនិត្យព្យាបាល ដែល សមាគម បានមកពិនិត្យព្យាបាលលើកទី១ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅឃុំអង្កោល ខេត្តកែប ក្រោមការដឹកនាំដោយផ្ទាល់របស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ដោយពិនិត្យព្យាបាលបានចំនួន ៤ ៣៨២ ករណី៕

ដោយ៖ គង់ សិរីរ័ត្ន





