កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាតរភាពជូនចំពោះ សម្តេចធិបតី និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយ៉េ នាពេលនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាការងារជាមួយសម្តេចធិបតី ដែលជំនួបនេះបានឆ្លុះបញ្ចាំង និងបើកទំព័រថ្មីបន្ថែមទៀត នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-តួកគីយ៉េ។
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យស្ញប់ស្ញែងរបស់តួកគីយ៉េ ព្រមទាំងតួនាទីដ៏សំខាន់របស់តួកគីយ៉េក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ, សម្តេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចការងាររបស់សម្ដេចនាឱកាសនេះ នឹងផ្តល់សម្ទុះថ្មីដល់ចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ, ជាក់ស្តែង និងគ្របដណ្តប់លើវិស័យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រកាលពីប្រាំបីឆ្នាំមុនរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ប្រកបដោយផ្លែផ្កា នាពេលកន្លងមក ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងទូលំទូលាយដើម្បីពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន នៃប្រទេសទាំងពីរ, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈទីភ្នាក់ងារ TIKA, និងការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការជំរុញវិស័យទេសចរណ៍ អប់រំ ការផ្លាស់ប្តូរវប្បធម៌ និងការហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ ជាដើម។ បន្ថែមពីនេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សាគ្នាក្នុងក្របខ័ណ្ឌអន្តរជាតិ សំដៅលើកកម្ពស់សន្តិភាព, ស្ថិរភាព, ការអភិវឌ្ឍប្រកបដោយចីរភាព, ព្រមទាំងការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ក៏បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីយ៉េ និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន





