CBGA បង្ហាញថា សត្វស្លាប ៦ប្រភេទនៅកម្ពុជា ដែលស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុតត្រូវរួមគ្នាអភិរក្ស
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
ប្រភពពី Cambodia Bird Guide Assoniasoin (CBGA) បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា ប្រភេទសត្វស្លាបចំនួន ៦ ប្រភេទនៅកម្ពុជា ដែលស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត ។ប្រទេសកម្ពុជាគឺជាជម្រកនៃសត្វស្លាបដ៏ពិសេសចំនួន ៦ ប្រភេទ ដែលត្រូវបានចាត់ថ្នាក់ថា ជាប្រភេទសត្វជិតផុតពូជបំផុតដែលបង្ហាញឱ្យឃើញពីភាពចាំបាច់ជាបន្ទាន់ក្នុងការការពារសត្វព្រៃ និងជម្រកធម្មជាតិដែលនៅសេសសល់នៅក្នុងប្រទេស។ ប្រភេទសត្វទាំង៦នោះរួមមាន÷ ទី១ ត្រយ៉ងយក្ស (Thaumatibis gigantea) ទី២ ត្រយ៉ងស្មាខៀវ (Pseudibis davisoni) ទី៣ ស្ទាំងក្បាលក្រហម (Sarcogyps calvus) ទី៤ ស្ទាំងចំពុះស្រួច (Gyps tenuirostris) ទី៥ ស្ទាំងខ្នងស (Gyps bengalensis)
និងទី៦ ត្រដក់តូច Houbaropsis bengalensis) ។

ប្រភេទសត្វទាំងនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរ រួមមាន÷ ការបាត់បង់ទីជម្រក ការរំខាន ការបរបាញ់ ការប្រើប្រាស់ថ្នាំពុល និងការថយចុះនៃប្រភពចំណី។

ការការពារទីជម្រករបស់ពួកវា គឺស្មើនឹងការការពារបេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។ តាមរយៈការអភិរក្សដែលដឹកនាំដោយសហគមន៍ ការធ្វើទេសចរណ៍ធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ យើងអាចរួមចំណែកការពារសត្វស្លាបដ៏អស្ចារ្យទាំងនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ សូមចូលរួមជាមួយគ្នាដើម្បីការពារបក្សីនៅកម្ពុជា ដែលកំពុងប្រឈមនឹងហានិភ័យផុតពូជកម្រិតធ្ងន់ធ្ងរ ៕
ដោយ ណយ នឿន (ប្រភព៖CBGA)





