កិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងកែច្នៃកាកសំណល់រឹង (សំរាម) នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសំលើណើសុំជួលដីរដ្ឋសម្រាប់វិនិយោគលើគម្រោងកែច្នៃកាកសំណល់រឹង (សំរាម) នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦។
រោងចក្រកែច្នៃ និងញែកសំណល់ឆ្លាតវៃ «ZERO-WASTE» Smart Sorting & Zero-Waste Recycling Plant សមត្ថភាពញែក និងកែច្នៃរសំរាម ពី៥០០-៦០០តោនក្នុងមួយថ្ងៃ ប្រភេទវិនិយោគ គំរូ សេដ្ឋកិច្ចវិលជុំ (គោលដៅ សំណល់ Zero-Waste ទីតាំងរោងចក្រស្ថិតនៅភូមិអូរតាសេក សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។


ក្រុមហ៊ុនវិនិយោគកែច្នៃកាកសំណល់រឹង (សំរាម) ជាក្រុមហ៊ុនខ្មែរ គ្រាខូខេម ឌីវេឡុបម៉ិន ឯ.ក DRACOCAM DEVELOPMENT CO.LTD. មានគម្រោងវិនិយោគលើផ្ទៃដី១០ហិកតា វិនិយោគរយៈពេល៥០ឆ្នាំ ស្មើសុំលើកលែងថ្លៃជួលដីរយៈពេល៥ឆ្នាំដំបូង។


ក្នុងកិច្ចប្រជុំពិភាក្សា ឯកឧត្តម ម៉ាង ស៊ីណេត បានឯកភាពលើសំណើរបស់ក្រុមហ៊ុនក្នុងការស្នើ សុំវិនិយោគគម្រោងកែច្នៃកាកសំណល់រឹង (សំរាម) នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរតាសេក ក៏ប៉ុន្តែក្រុមហ៊ុនត្រូវធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅជាមួយក្រុមការងារបច្ចេកទេស មុននឹងរៀបចំឯកសារ ដើម្បីចុះហត្ថលេខាធ្វើការវិនិយោគ ប្រកបដោយតម្លាភាព ដោយធ្វើយ៉ាងណាមិនប៉ះពាល់បរិស្ថានរស់នៅដល់ប្រជាពលរដ្ឋនៅជំវិញតំបន់វិនិយោគកែច្នៃសំណល់រឹង (សំរាម) ភូមិអូរតាសេក ក្រុងកំពង់សោម៕

ដោយ ងូ សុមុនី





