នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យមើលទីតាំងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដែលត្រូវប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលទីតាំងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមរៀបចំពិធីអបអរសាទរខួប២០ឆ្នាំនៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ រួមនិងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខ។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងដើម្បីរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបេសកកម្មរក្សាសន្តិភាពអង្គសហប្រជាជាតិ (២០០៦-២០២៦) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន សាលប្រជុំតេជោសន្តិភាព អគារសិក្សាតេជោសន្តិភាព អគារស្នាក់នៅ ខ្លោងទ្វារ របងបេតុង ផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំឱ្យក្រុមការងារ និងបណ្តាផ្នែកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ដើម្បីញ៉ាំងឱ្យការប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិប្រព្រឹត្តទៅបានដោយរលូន និងដោយជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា វាជាមោទនភាពខ្លាំងណាស់ដែលកម្ពុជាធ្លាប់ជាប្រទេសដែលញាំញីដោយសង្គ្រាម និងធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហើយបានក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងទៅរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ដោយបានចាប់ផ្តើមជាផ្លូវការកាលពីឆ្នាំ២០០៦ ហើយរហូតដល់បច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ៩០០០នាក់ទាំងបុរសទាំងនារីទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូងលីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឺស ឆាត យេម៉ែន និងកុងហ្គោ ដោយកងកម្លាំងកម្ពុជាបានបំពេញបេសកកម្មលើជំនាញសំខាន់ៗដូចជា បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មសំណង់ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ និងនាយទាហានសង្កេតការណ៍ ហើយកងកម្លាំងរបស់កម្ពុជាតែងតែទទួលបាននូវការកោត សរសើរ និងការវាយតម្លៃខ្ពស់ពី ថ្នាក់ដឹកនាំរបស់អង្គការសហប្រជាតិ ក៏ដូចជាពីបណ្តាប្រទេសាមី ដែលកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម៕
ដោយ៖ ចាន់ សុភឿន





