លីបង់សង្ឃឹមលើតួនាទីវិជ្ជមានរបស់រុស្ស៊ីក្នុងការធានាអធិបតេយ្យភាពរបស់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសលីបង់លោក យូសេហ្វ រ៉ាចជី បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងមូស្គូជាមួយលោក អេនដ្រេយ ដេនីសូវ អនុប្រធានទីមួយ នៃគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីថា ប្រទេសលីបង់សង្ឃឹមលើតួនាទីវិជ្ជមានរបស់រុស្ស៊ីក្នុងការធានាអធិបតេយ្យភាព និងស្ថិរភាពរបស់លីបង់។
ក្រសួងការបរទេសលីបង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោក រ៉ាចជី បានសង្កត់ធ្ងន់សារជាថ្មីអំពីក្តីសង្ឃឹមរបស់លីបង់ចំពោះតួនាទីវិជ្ជមានរបស់រុស្ស៊ី ជាពិសេសក្នុងការចូលរួមចំណែកធានាអធិបតេយ្យភាព និងស្ថិរភាពរបស់ប្រទេសនេះ»។
យោងតាមសេចក្តីថ្លែងការណ៍នោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសលីបង់ ទំនាក់ទំនងទ្វេភាគី និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទាំងនេះបន្ថែមទៀត។
រដ្ឋមន្ត្រីលីបង់រូបនេះ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា លីបង់រំពឹងថានឹងមានការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ដែលមានគោលបំណងធានាដល់ការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីលីបង់ទាំងស្រុង ការដោះលែងអ្នកទោសការបញ្ឈប់ការវាយប្រហារ និងការដោះស្រាយបញ្ហាព្រំដែនដែលមានជម្លោះ។
លោក រ៉ាចជី បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគោលនយោបាយដាក់អាវុធទាំងអស់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋតែមួយគត់ ដោយសង្កត់ធ្ងន់ថា ការមានវត្តមានរបស់ក្រុមប្រដាប់អាវុធដែលប្រតិបត្តិការទន្ទឹមនឹងកងកម្លាំងប្រដាប់អាវុធលីបង់ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។
លោក ដេនីសូវ បានកត់សម្គាល់ថា កិច្ចចរចានៅតែជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានដើម្បីឈានដល់ដំណោះស្រាយ ខណៈដែលជម្រើសផ្សេងទៀតត្រូវបានប្រើប្រាស់អស់ហើយ។
លោកក៏បានសម្តែងក្តីសង្ឃឹមថា គ្រប់ក្រុមនយោបាយ និងនិកាយសាសនានានានៅក្នុងប្រទេសលីបង់ នឹងយល់ឃើញពីភាពចាំបាច់ក្នុងការចៀសវាងជម្លោះផ្ទៃក្នុង ដោយលោកបានសង្កត់ធ្ងន់ថា ស្ថិរភាពរបស់ប្រទេសនេះ គឺជាលក្ខខណ្ឌចាំបាច់ដ៏សំខាន់សម្រាប់សន្តិសុខនៃតំបន់ទាំងមូល។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសនៅកម្រិតសភា។ លោក ដេនីសូវ បានស្នើឱ្យដំណើរការឡើងវិញនូវក្រុមមិត្តភាពសភារុស្ស៊ី-លីបង់ ហើយលោក រ៉ាចជី បានសន្យាថានឹងនាំយកគំនិតផ្តួចផ្តើមនេះទៅជម្រាបជូនប្រធានសភាលីបង់ គឺលោក នីប៊ី បឺរី។
ជំនួបនេះបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក រ៉ាចជី ទៅកាន់ទីក្រុងមូស្គូ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១២ខែតុលា។ នៅពេលមុននេះ រដ្ឋមន្ត្រីការបរទេសលីបង់បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវត្តនៃស្ថានភាពនៅក្នុងប្រទេសលីបង់ និងក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





