វិមានក្រឹមឡាំង៖ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ត្រូវបានរារាំងដោយសារអ៊ុយក្រែនមិនមានឆន្ទៈស្វែងរកសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- លោក ឌីមីទ្រី ប៉េសកូវអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែននៅតែបន្តវាយប្រហារគោលដៅនានាក្នុងវិស័យថាមពលរបស់រុស្ស៊ី ដែលសកម្មភាពនេះផ្ទុយពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់សហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗនេះ លោក អាឡិចសាន់ដឺរ ណូវ៉ាក់ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានលើកឡើងថា តាមពិតទៅ មិនមានការផ្អាកជាបណ្ដោះអាសន្នណាមួយលើការវាយប្រហាររបស់អ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលនៅក្នុងប្រទេសរុស្ស៊ីនោះទេ។
លោក ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា «ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធវិស័យថាមពលរបស់យើងនៅតែបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ដូច្នេះ មិនមានអ្វីថ្មីទេពាក់ព័ន្ធនឹងបញ្ហានេះ។ របបក្រុងគៀវរបស់អ៊ុយក្រែន នៅតែបន្តវាយប្រហារលើទីតាំងទាំងនេះ ដែលជាហេតុធ្វើឱ្យសកម្មភាពនេះផ្ទុយយ៉ាងខ្លាំងពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់សហរដ្ឋអាមេរិក និងក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក ដែលកំពុងខិតខំយ៉ាងសកម្មបំផុត ដើម្បីជំរុញឱ្យមានដំណើរការស្វែងរកសន្តិភាព»។
លោក ប៉េសកូវ បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន កំពុងត្រូវបានរារាំងដោយសារតែអ៊ុយក្រែន និងលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផ្ទាល់ មិនមានឆន្ទៈក្នុងការស្វែងរកសន្តិភាព៕





