សមណសិស្ស១០៣អង្គចូលរួមប្រឡងជ្រើសរើសសមណសិស្សពូកែផ្នែកភាសាបាលី និងពុទ្ធសាសនា នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- សមណសិស្សថ្នាក់ទី៤ ចំនួន១០៣អង្គ មកពីពុទ្ធិកបឋមសិក្សាតាមបណ្ដាក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមប្រឡងជ្រើសរើសសមណសិស្សពូកែថ្នាក់ខេត្ត ផ្នែកភាសាបាលី និងពុទ្ធសាសនា សម្រាប់ពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹង លើកកម្ពស់គុណភាពពុទ្ធិកសិក្សា និងស្វែងរកសមណសិស្សដែលមានសមត្ថភាពឆ្នើមតំណាងខេត្តទៅចូលរួមប្រឡងថ្នាក់ជាតិ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានលើកឡើងថា «ការប្រឹងប្រែងរៀនសូត្រជាបន្តបន្ទាប់របស់សមណសិស្ស គឺជាគន្លឹះនៃភាពជោគជ័យ»។ លោកបានគូសបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីដណ្ដើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់សមណសិស្សទាំងអស់បង្ហាញសមត្ថភាព វាស់ស្ទង់ចំណេះដឹង និងស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្វះខាតរបស់ខ្លួន ដើម្បីបន្តអភិវឌ្ឍការសិក្សាឱ្យកាន់តែប្រសើរឡើង។
លោកប្រធានមន្ទីរបានមានប្រសាសន៍បន្តថា ការរៀបចំការប្រឡងជ្រើសរើសសមណសិស្សពូកែថ្នាក់ខេត្តនេះ មានគោលបំណងជំរុញឱ្យសមណសិស្សយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងសមត្ថភាពផ្នែកភាសាបាលី និងពុទ្ធសាសនា ព្រមទាំងបង្កើតបរិយាកាសសិក្សាដែលជំរុញឱ្យមានការខិតខំប្រឹងប្រែង និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានលើកទឹកចិត្តដល់សមណសិស្សទាំង ១០៣ អង្គ ឱ្យមានភាពក្លាហាន អត់ធ្មត់ ផ្ចង់អារម្មណ៍ និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដោយត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ វិន័យ សុចរិតភាព និងគោរពបទបញ្ជានៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដោយលោកក៏បានបង្ហាញពីសារៈសំខាន់នៃការអប់រំផ្នែកភាសាបាលី និងពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់ការសិក្សាគម្ពីរព្រះពុទ្ធសាសនា ការយល់ដឹងអំពីព្រះធម៌វិន័យ និងការបណ្ដុះបណ្ដាលគុណធម៌ សីលធម៌ និងវិន័យក្នុងជីវិតប្រចាំថ្ងៃ។ ការលើកកម្ពស់ពុទ្ធិកសិក្សា គឺជាការរួមចំណែកក្នុងការថែរក្សា និងបន្តមរតកព្រះពុទ្ធសាសនា តាមរយៈការបណ្ដុះបណ្ដាលសមណសិស្សឱ្យមានទាំងចំណេះដឹង និងគុណធម៌។
ក្នុងពិធីកាត់បើកវិញ្ញាសាប្រឡង ព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ ក៏បានមានសង្ឃដីកាណែនាំ និងលើកទឹកចិត្តដល់សមណសិស្សដែលបាននិមន្តមកប្រឡង ឱ្យយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រ និងប្រើប្រាស់ចំណេះដឹងដែលបានសិក្សាមកឆ្លើយសំណួរតាមវិញ្ញាសាដោយមានការពិចារណា និងការផ្ចង់អារម្មណ៍។ ព្រះអង្គបានផ្ដល់ការណែនាំឱ្យសមណសិស្សទាំងអស់រក្សាភាពស្ងប់ស្ងាត់ គោរពវិន័យប្រឡង និងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ដោយមិនត្រូវបារម្ភ ឬភ័យខ្លាចចំពោះការប្រឡងឡើយ។ ការសិក្សារៀនសូត្រត្រូវការការខិតខំជាប្រចាំ ការស្ដាប់ការណែនាំពីព្រះគ្រូអាចារ្យ និងការស្វ័យសិក្សាបន្ថែម ដើម្បីឱ្យចំណេះដឹងកាន់តែរឹងមាំ និងអាចយកទៅប្រើប្រាស់បានត្រឹមត្រូវ។

ព្រះសមណញាណក៏បានលើកទឹកចិត្តឱ្យសមណសិស្សចាត់ទុកការប្រឡងនេះជាឱកាសបង្ហាញចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ព្រមទាំងជាឱកាសរៀនសូត្រពីបទពិសោធន៍ ដើម្បីឈានទៅរកការសិក្សាកម្រិតខ្ពស់បន្ថែមទៀត។ ជាពិសេស សមណសិស្សត្រូវយកចំណេះដឹងផ្នែកភាសាបាលី និងពុទ្ធសាសនាភ្ជាប់ជាមួយការប្រតិបត្តិធម៌ និងការបណ្ដុះបណ្ដាលខ្លួនឱ្យមានសីលធម៌ល្អ សុជីវធម៌ និងជាគំរូល្អក្នុងសង្គម។
សូមជម្រាបថា ការប្រឡងនេះបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅពុទ្ធិកវិទ្យាល័យសម្ដេច ជា ស៊ីម ស្ថិតក្នុងវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្តចូលរួមពីព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះសង្ឃ និងអ្នកពាក់ព័ន្ធក្នុងវិស័យពុទ្ធិកសិក្សា។ ការប្រឡងជ្រើសរើសសមណសិស្សពូកែថ្នាក់ខេត្ត ផ្នែកភាសាបាលី និងពុទ្ធសាសនា សម្រាប់ពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៦-២០២៧ នេះ មានសមណសិស្សថ្នាក់ទី៤ ចំនួន ១០៣ អង្គចូលរួម ហើយនឹងជ្រើសរើសសមណសិស្សដែលទទួលបានលទ្ធផលល្អចំនួន ៥ អង្គ ចាប់ពីជ័យលាភីលេខ១ ដល់លេខ៥ ដើម្បីលើកទឹកចិត្តដល់ការខិតខំសិក្សា និងត្រៀមចូលរួមប្រឡងថ្នាក់ជាតិ។

ចំពោះរង្វាន់លើកទឹកចិត្តសម្រាប់សមណសិស្សដែលទទួលបានជ័យលាភី រួមមាន៖ ជ័យលាភីលេខ១ ទទួលបានថវិកា ៨០០.០០០ រៀល និងចីវរ១ត្រៃ ជ័យលាភីលេខ២ ទទួលបានថវិកា៦០០.០០០ រៀល និងចីវរ ១ ត្រៃ ជ័យលាភីលេខ៣ ទទួលបានថវិកា ៥០០.០០០ រៀល និងចីវរ១ ត្រៃ ជ័យលាភីលេខ៤ និងលេខ៥ ទទួលបានថវិកា៤០០.០០០ រៀល និងចីវរ១ត្រៃ៕
ដោយ ឈុន សារ៉ាត





