រដ្ឋបាលខេត្តតាកែវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត
AKP តាកែវ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋបាលខេត្តតាកែវ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា សម្ដេចព្រះ នរោត្តម ស៊ីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គអញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះរៀបចំប្រារព្ធឡើងនៅមាត់បឹងតាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា ការរៀបចំពិធីបង្សកូល និងគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជារាស្ត្រខ្មែរចំពោះព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនម្រាប់ប្រទេសជាតិ និងប្រជារាស្រ្តរបស់ព្រះអង្គ។ ក្នុងនោះ ព្រះអង្គទាមទារបានឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង និងការទាមទារនូវប្រាសាទព្រះវិហារខ្មែរមកវិញពីប្រទេសសៀម ព្រមទាំងការបង្រួបបង្រួមផ្សះផ្សាជាតិ និងបានកសាងសមិទ្ធផលធំៗជាច្រើនទៀតទុកជូនប្រជារាស្ត្រជំនាន់ក្រោយ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ទូលព្រះបង្គំជាកូន ជាចៅ ចៅទួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះមហាវីរក្សត្រ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និងកាអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា គំរូវីរភាពរបស់ព្រះមហាវីរក្សត្រ នឹងធ្វើឱ្យយើងជាប្រជារាស្រ្តចងចាំជានិច្ច ហើយនឹងយកគម្រូតាម។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រជានុរាស្រ្តមានជីវភាពកាន់តែល្អប្រសើរឡើង៕


ដោយ៖ អ៊ុច សៀង





