កម្ពុជា អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--លោក ហ៊ូ ចំរើន លេខាធិការទី២ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់សង្គមទាំងមូល ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងនវានុវត្តន៍ ដោយផ្អែកលើក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥។ ការគូសបញ្ជាក់របស់លោក ហ៊ូ ចំរើន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសថ្លែងនៅកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការទី២ (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) ក្រោមរបៀបវារៈទី១៤ និង ១៩ ស្តីពី “ICT for Sustainable Development” និង “Globalization and Interdependence” កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក។

លោក ហ៊ូ ចំរើន បានក៏បានរំលេចពីថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ដែលបានឈ្នះ «ពានរង្វាន់សេវាសាធារណៈ អ.ស.ប. ឆ្នាំ២០២៦»។ ថ្នាលនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២៣ ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ និងពន្លឿនការបរិវត្តកម្មឌីជីថលនៃសេវាសាធារណៈ ហើយត្រូវបានទទួលស្គាល់ដោយ UNDP ជាសសរស្ដម្ភទី៤ នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដោយភាពជោគជ័យនៃថ្នាលនេះ កំពុងត្រូវបានចែករំលែកទៅកាន់បណ្តាប្រទេសមួយចំនួនទៀតផងដែរ។

ជាមួយគ្នានេះ លោកលេខាធិការទី២ ក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយគម្លាតឌីជីថល ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលក្នុងយុគសម័យឌីជីថល៕
ដោយ៖ រិទ្ធី, ប្រភព៖ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ





