ខេត្តបន្ទាយមានជ័យផ្អាកការប្រណាំ ងទូក ង ឆ្នាំ២០២៦ តែពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតែប្រារព្ធតាមប្រពៃណី
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកការរៀបចំពិធីប្រណាំងទូក ង ប្រចាំខេត្តក្នុងឆ្នាំ២០២៦នេះ ដោយសារស្ថាន ភាពបញ្ហាព្រំដែនកម្ពុជា-ថៃ និងគ្រោះទឹកជំនន់ដែលបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមូលដ្ឋានមួយចំនួនក្នុងខេត្ត។ ទោះជាយ៉ាងណា ពិធីបណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅតែបន្តរៀបចំតាមប្រពៃណីជារៀងរាល់ឆ្នាំ នៅតាមដងស្ទឹងសិរីសោភ័ណ ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងបន្តបរិយាកាសនៃការជួបជុំក្នុងសហគមន៍។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ ក នៃសាលាខេត្តបន្ទាយ មានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ទោះបី ជាខេត្តសម្រេចផ្អាកការរៀបចំពិធីប្រណាំងទូក ង ក្នុងឆ្នាំនេះក៏ដោយ ក៏ពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតែប្រព្រឹត្តទៅដូចរាល់ឆ្នាំ នៅដងស្ទឹងសិរីសោភ័ណ ដោយមានការចូលរួមរៀបចំពីមន្ទីរ និងអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ និងអង្គភាពទាំងអស់ ត្រូវត្រៀមរៀបចំ និងតុបតែងប្រទីបរបស់ខ្លួនឱ្យបានរួចរាល់ ដើម្បីដាក់បណ្ដែតនៅលើដងស្ទឹងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការសម្រេចរក្សាពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈផ្អាកការប្រណាំងទូក ង នេះ បង្ហាញពីការសម្របសម្រួលការរៀបចំពិធីប្រពៃណីឱ្យស្របតាមស្ថានភាពជាក់ស្ដែង ដោយផ្ដល់អាទិភាពដល់ការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ការសម្រេចផ្អាកការប្រណាំ ងទូក ង នៅខេត្តបន្ទាយមានជ័យ ស្រប តាមស្ថានភាពជាក់ស្ដែងដែលខេត្តកំពុងប្រឈម ដោយសារបញ្ហាព្រំដែន និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារចាំបាច់ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៦នេះ ដោយសារស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក និងកិច្ចការអាទិភាពចាំបាច់ផ្សេងៗ។

ទោះបីជាមិនមានការប្រណាំងទូក ង ដូចឆ្នាំកន្លងទៅក៏ដោយ ការរៀបចំពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអក អំបុក នៅដងស្ទឹងសិរីសោភ័ណ នៅតែជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ជាតិ និងបន្តស្មារតីសាមគ្គីភាព ខណៈអាជ្ញាធរបន្តផ្ដោតការយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាប្រឈម និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាអាទិភាព៕
ដោយ ៖ឈុនសារ៉ាត





