រដ្ឋបាល ចាមួរ និង កាសស្មៀរ អនុម័តគម្រោងអភិរក្សបេតិកភណ្ឌចំនួន៣ ដែលមានតម្លៃ ១៨,៦០ក្រោររូពី
AKP ភ្នំពេញ ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋាភិបាល ចាមួរ និង កាសស្មៀរ បានអនុម័តគម្រោងអភិរក្សបេតិកភណ្ឌចំនួន៣ ដែលមានតម្លៃសរុប ១៨,៦០ក្រោររូពី (ប្រហែល ១.៩០០.០០០ដុល្លារអាម៉េរិក) នៅក្នុងស្រុកសំបា កាធូ និងអាណាន់ណាក ដោយផ្តោតលើការជួសជុលសំណង់ប្រវត្តិសាស្ត្រ និងការអភិវឌ្ឍទីតាំងបេតិកភណ្ឌនានា។
គម្រោងទាំងនេះរួមមាន ការអភិរក្សបេតិកភណ្ឌ អ៊ុតទែវីហ៊ីនី (Uttervehini) ក្នុងស្រុកសំបា ដែលមានតម្លៃប៉ាន់ស្មាន ៦,៨៦ក្រោររូពី ការជួសជុល និងកែលម្អបន្ទាយបាសូលី (Basohli) ក្នុងស្រុកកាធូ ដែលមានតម្លៃ ៦,៥០ក្រោររូពី និងការស្តារឡើងវិញនូវប្រភពទឹក ណាល់ឡា សោនប្រារី (Nallah Soundbrari) ក្នុងស្រុកអាណាន់ណាក ដែលមានតម្លៃ ៥,២៤ក្រោររូពី។
គម្រោងបេតិកភណ្ឌ អ៊ុតទែវីហ៊ីនី ផ្តោតលើការជួសជុល និងការស្តារឡើងវិញនូវសំណង់បេតិកភណ្ឌចាស់ៗនៅទីតាំងនោះ។ ចំពោះកិច្ចការអំពីបន្ទាយបាសូលី វិញ មានដូចជាការជួសជុល ការកែលម្អ និងការតុបតែងលម្អបន្ទាយប្រវត្តិសាស្ត្រនេះឱ្យកាន់តែស្រស់ស្អាត។ គម្រោងនៅប្រភពទឹក ណាល់ឡា សោនប្រារី ក្នុងស្រុកអាណាន់ណាក រួមមានការជួសជុល និងការស្តារឡើងវិញនូវអគារយ៉ាត្រី នីវាស ព្រមទាំងការតុបតែងលម្អជុំវិញប្រភពទឹកនោះផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា)





