មេបញ្ជាការរងកងទ័ពជើងគោកកម្ពុជាជួបពិភាក្សាការងារជាមួយអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥កម្ពុជាបានជួបក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា។នេះបើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

អ្នកនាំពាក្យបានលើកឡើងថានៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥នាទីព្រឹក ក្រុមអ្នកសម្រប សម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៥ នាពេលនេះ ហើយ ឯកឧត្តមមេបញ្ជា ការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។

ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេត ការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថាន ភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕




ដោយ៖ ប៊ុនរិទ្ធ





