លោក ត្រាំ និយាយថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅតំបន់អាស៊ីនាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃចន្ទថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីនាពេលខាងមុខ ដែលនេះបានបង្កើនលទ្ធភាពនៃការបន្តកិច្ចការទូតកម្រិតកំពូលឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។
នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនៅឯសេតវិមានថា តើលោកមានគម្រោងជួបជាមួយលោក គីម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនោះដែរឬទេ លោក ត្រាំ បានឆ្លើយតបថា «ខ្ញុំអាចនឹងជួប» ដោយលោកបានបន្ថែមថា «វាជារឿងគួរឱ្យរំភើបមែនទេ? ប៉ុន្តែខ្ញុំមានទំនាក់ទំនងល្អជាមួយគាត់»។
លោក ត្រាំ មានគម្រោងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ក្នុងទីក្រុងសិនជិន។
កាលពីខែសីហា លោក ត្រាំ បានថ្លែងថា លោកសង្ឃឹមថានឹងជួបជាមួយលោក គីម នៅពេលក្រោយក្នុងឆ្នាំនេះ ដែលបានបង្កើនការប៉ាន់ស្មានថា លោកអាចនឹងព្យាយាមស្តារទំនាក់ទំនងការទូតផ្ទាល់ខ្លួនជាមួយលោក គីម ឡើងវិញ ដែលធ្លាប់នាំឱ្យមានជំនួបផ្ទាល់ទ្វេភាគីចំនួន ៣លើក៖ លើកទីមួយនៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ លើកទី២ នៅទីក្រុងហាណូយក្នុងខែកុម្ភៈ ឆ្នាំ២០១៩ និងលើកទី៣ នៅភូមិប៉ាន់មុនជ៉ុម (Panmunjom) តាមបណ្តោយព្រំដែនកូរ៉េទាំងពីរ។
កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងនៅក្នុងការជួបជុំឃោសនាបោះឆ្នោតមួយនៅរដ្ឋអូហៃអូថា លោក «មានទំនាក់ទំនងល្អប្រសើរ» ជាមួយមេដឹកនាំកូរ៉េខាងជើង ខណៈដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំនៃប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។
លោក ថមមី ភីហ្គត់ (Tommy Pigott) អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីពេលមុនថា លោក ត្រាំ មិនចាត់ទុកការចរចាជាមួយប្រទេសកូរ៉េខាងជើងថាជា «ការយោគយល់ ឬការផ្តល់សម្បទាន» នោះទេ ហើយលោកមានឆន្ទៈក្នុងការចូលរួមជាមួយទីក្រុងព្យុងយ៉ាង ប្រសិនបើការធ្វើបែបនេះផ្តល់ផលប្រយោជន៍ដល់ជាតិរបស់សហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





