មន្ត្រីការទូតជាន់ខ្ពស់ចិនជួបជាមួយប្រេសិតពិសេសរបស់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- លោក វ៉ាង យី (Wang Yi) មន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសចិន បានជួបជាមួយលោក ខាលដូន ខាលីហ្វា អាល់ មូបារ៉ាក់ (Khaldoon Khalifa Al Mubarak) បេសកជនពិសេសរបស់ប្រធានាធិបតីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅប្រទេសចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិម បានមានប្រសាសន៍ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយជាគំរូសម្រាប់ការអភិវឌ្ឍរួម និងការងើបឡើងវិញនៃបណ្តាប្រទេសក្នុងតំបន់ (ប្រទេសកំពុងអភិវឌ្ឍន៍)។
លោក វ៉ាង បានបន្ថែមថា ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពអន្តរជាតិ និងតំបន់ក៏ដោយ ក៏ប្រទេសចិននៅតែត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
ដោយកត់សម្គាល់ថា ប្រទេសចិនតែងតែជាអ្នកកសាងសន្តិភាព អ្នកលើកកម្ពស់ស្ថិរភាព និងជាអ្នករួមចំណែកដល់ការអភិវឌ្ឍនៅក្នុងតំបន់មជ្ឈិមបូព៌ា លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តដើរតួនាទីប្រកបដោយស្ថាបនា ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ ជំរុញដំណោះស្រាយនយោបាយ ចាប់ផ្តើមការចរចាឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្រួលដល់សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
លោក អាល់ មូបារ៉ាក់ បានមានប្រសាសន៍ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រៀមខ្លួនរួចរាល់ក្នុងការបង្កើនការទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោកបានលើកឡើងថា ប្រទេសចិនតែងតែជាដៃគូដែលអាចទុកចិត្តបានសម្រាប់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ហើយភាគីអារ៉ាប់រួមសង្ឃឹមថានឹងអាចលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





