ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិនបំពេញទស្សនកិច្ចនៅប្រទេសស៊ូរីណាម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- លោក បាទឺ (Bater) អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) បានដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ូរីណាម។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក បាទឺ បានជួបពិភាក្សាជាមួយប្រធានសភាប្រទេសស៊ូរីណាម លោកស្រី ជេននីហ្វឺ ស៊ីម៉ុនស៍ (Jennifer Simons) និងអនុប្រធានសភា (ដែលបំពេញតួនាទីជាប្រធានសភា) លោក អាសវីន អាឌីន (Ashwin Adhin)។
លោក បាទឺ បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងចិន និងស៊ូរីណាមមានការអភិវឌ្ឍជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលជាផ្លែផ្កា។
លោកបានបន្តថា កាលពីខែឧសភា ឆ្នាំនេះ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានសភាស៊ូរីណាម លោកស្រី ស៊ីម៉ុនស៍ បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយបានកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក បាទឺ បានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសស៊ូរីណាម ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ បន្តពង្រឹងមិត្តភាពជាប្រពៃណី និងជំរុញការអភិវឌ្ឍភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសចិន និងស៊ូរីណាម ដោយលោកបានបន្ថែមថា គណៈកម្មាធិការ CPPCC ត្រៀមខ្លួនរួចរាល់ក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការនេះ។
ដោយបានលើកឡើងពីការស៊ីជម្រៅជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ភាគីស៊ូរីណាមបានបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរមានភាពរឹងមាំ និងស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក៏កាន់តែមានភាពជិតស្និទ្ធផងដែរ។
ភាគីស៊ូរីណាមបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយចិន ការពង្រឹងការផ្លាស់ប្តូរលើការងារអភិបាលកិច្ច និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





