អធិការបតីអាល្លឺម៉ង់ជំរុញឱ្យអ៊ីរ៉ង់ «បញ្ឈប់ការធ្វើឱ្យតំបន់បាត់បង់ស្ថិរភាព»
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរបស់លោក ហ្វ្រៀដរីច មើស បានឱ្យដឹងថា អធិការបតីអាល្លឺម៉ង់រូបនេះ បានជំរុញឱ្យប្រទេសអ៊ីរ៉ង់បញ្ឈប់សកម្មភាពដែលបង្កអស្ថិរភាពនៅក្នុងតំបន់ បន្ទាប់ពីបានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ជាមួយព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ នៃប្រទេសអារ៉ាប៊ីសាអូឌីត។
លោក ស្តេហ្វេន កូនែលុស អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងក្រោយការសន្ទនានោះថា លោក មើស និងព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ បានពិភាក្សាគ្នាអំពីការវាយប្រហារថ្មីៗដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ ស្ថានភាពនៅមជ្ឈិមបូព៌ា និងវិធីសាស្រ្តនានាដើម្បីបញ្ចប់ជម្លោះក្នុងតំបន់។
លោក កូនែលុស បាននិយាយថា «លោកអធិការបតីបានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការវាយប្រហារភេរវកម្មថ្មីៗដែលបង្កឡើងដោយក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។ លោកអធិការបតី និងព្រះអង្គម្ចាស់ បានឯកភាពគ្នាថា ការវាយប្រហារទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»។
លោកបានបន្តថា លោកអធិការបតីបានសង្កត់ធ្ងន់ថា ការបិទផ្លូវដឹកជញ្ជូនតាមសមុទ្រដែលធ្វើឡើងដោយអ៊ីរ៉ង់ និងក្រុមហ៊ូធី នៅច្រកសមុទ្រហ័រមុស និងច្រកសមុទ្របេបអាល់-មេនដាប ក៏ត្រូវតែបញ្ចប់ដោយគ្មានការពន្យារពេលផងដែរ។
លោកបានបន្ថែមថា «អ៊ីរ៉ង់ត្រូវតែចូលរួមក្នុងការចរចាប្រកបដោយភាពម៉ត់ចត់ និងបញ្ឈប់សកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមុសជាអចិន្ត្រៃយ៍ និងដោយគ្មានការរឹតត្បិត ព្រមទាំងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរផ្នែកយោធារបស់ខ្លួន»។
យោងតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា លោក មើស និងព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ ក៏បានពិភាក្សាគ្នាផងដែរអំពីផលប៉ះពាល់នៃជម្លោះទៅលើតម្លៃថាមពលនៅក្នុងប្រទេសអាល្លឺម៉ង់ និងវិធីសាស្រ្តនានាដើម្បីធ្វើឱ្យតម្លៃទាំងនោះមានស្ថិរភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





