កាកបាទក្រហមព្រមានថា ការកើនឡើងនៃអរិភាពនៅមជ្ឈិមបូព៌ាអាចបង្កផលវិបាកដ៏មហន្តរាយសម្រាប់មនុស្សរាប់លាននាក់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានព្រមានកាលពីថ្ងៃអង្គារថា ការកើនឡើងនៃអរិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា អាចបង្កផលវិបាកដ៏មហន្តរាយសម្រាប់មនុស្សរាប់សិបលាននាក់ ដោយបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីការពារជនស៊ីវិល។
លោកស្រី មៀចាណា ស្បូលចារីក ប្រធាន ICRC បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនស៊ីវិលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន ដោយសារតែប្រតិបត្តិការយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា»។
លោកស្រីបានលើកឡើងពីករណីស្លាប់ របួស និងការបំផ្លិចបំផ្លាញថ្មីៗនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងបានព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃអរិភាពទាំងនោះមកលើជនស៊ីវិល។
លោកស្រី ស្បូលចារីក បានកត់សម្គាល់ថា ករណីស្លាប់ ការភៀសខ្លួន និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសយេម៉ែន រួមទាំងនៅទីក្រុងអាដេន និងទីក្រុងសាណាអា កំពុងកើនឡើងក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភ។
លោកស្រីបានសង្កត់ធ្ងន់ថា «ជនស៊ីវិល និងទីតាំងរបស់ជនស៊ីវិល ត្រូវតែត្រូវបានការពារពីការវាយប្រហារ» ដោយរំលឹកភាគីជម្លោះអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការបែងចែកឱ្យបានច្បាស់លាស់រវាងគោលដៅស៊ីវិល និងគោលដៅយោធា។
លោកស្រី ស្បូលចារីកc បានព្រមានថា ការវាយប្រហារលើកំពង់ផែ អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់សហគមន៍ដែលពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
លោកស្រីបានមានប្រសាសន៍ថា «ការកើនឡើងបន្ថែមទៀតនៃអរិភាពនឹងបង្កជាមហន្តរាយសម្រាប់មនុស្សរាប់សិបលាននាក់» ដោយបានអំពាវនាវឱ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឱ្យជនស៊ីវិលរងទុក្ខវេទនាបន្ថែមទៀត។
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)a





