អ៊ីរ៉ង់កំពុងពិនិត្យមើលសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចា ខណៈដែលនេះជាសារប្រយោលសម្រាប់ការបន្តកិច្ចចរចា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងពិនិត្យមើលសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចា ខណៈដែលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្តផ្លាស់ប្តូរសារគ្នាទៅវិញទៅមកតាមរយៈភាគីសម្របសម្រួល។
លោក អេសស្ម៊ែល បាកាអី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា ប្រទេសប៉ាគីស្ថាន និងប្រទេសកាតា នៅតែបន្តដើរតួនាទីជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោក បាកាអី បាននិយាយថា «ការផ្លាស់ប្តូរសាររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល នៅតែបន្តដំណើរការ»។
លោកបានបន្ថែមថា «យើងកំពុងពិនិត្យមើលសំណើរបស់ភាគីអាម៉េរិកសម្រាប់កិច្ចចរចា។ លក្ខខណ្ឌជាមុនរបស់អ៊ីរ៉ង់ត្រូវតែត្រូវបានគោរពសម្រាប់កិច្ចចរចាណាមួយ»។
លោក បាកាអី បានលើកឡើងថា ប្រទេសរុស្ស៊ីក៏បន្តដើរតួនាទីប្រកបដោយ «លក្ខណៈស្ថាបនា» ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដោយលោកបានចង្អុលបង្ហាញពីការចូលរួមរបស់ទីក្រុងមូស្គូនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
លោកបានបញ្ជាក់ថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី គឺផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយទីក្រុងតេអេរ៉ង់ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងគាំទ្រពីបណ្តាប្រទេសជាមិត្ត ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «តាមទស្សនៈបច្ចេកទេស និងជាក់ស្តែង» ការសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងដៃរបស់ប្រទេសនានា ដូចជា ប៉ាគីស្ថាន និងកាតាជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





