ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៦ ជាស្ពានតភ្ជាប់បេះដូង វប្បធម៌ និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា-វៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- នៅក្នុងបរិយាកាសដ៏រីករាយ និងពោរពេញដោយស្មារតីមិត្តភាពជាប្រពៃណី នៃពិធីបើក «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម - កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) ដែលត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំសម្បើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាព្រឹត្តិការណ៍ការទូតប្រជាជន និងវប្បធម៌យ៉ាងសំខាន់ ដែលបង្កើនភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ កម្ពុជា-វៀតណាមពិធីបើកពិព័រណ៍នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

ចំណុចលេចធ្លោមួយនៃពិព័រណ៍ VIDEX CAMBODIA 2026 គឺការរៀបចំឱ្យមានទីធ្លាផ្លាស់ប្តូរវប្បធម៌ និងម្ហូបអាហាររបស់ប្រទេសទាំងពីរ។ ទីធ្លានេះបានក្លាយជាចំណុចទាក់ទាញដ៏រ៉ូមែនទិក និងរស់រវើក ដែលអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរ ពិសេស គឺស្រទាប់យុវជន និងអាជីវករ បានជួបជុំគ្នា ផ្លាស់ប្តូរ និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ និងរសជាតិម្ហូបអាហារប្លែកៗពីគ្នាទៅវិញទៅមក។ ការតាំងបង្ហាញរូបភាពប្រវត្តិសាស្ត្រ រូបភាពថ្នាក់ដឹកនាំ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ មិនត្រឹមតែរំលឹកឡើងវិញនូវអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនៃការឈរស្មាគៀកស្មាគ្នាក្នុងគ្រាលំបាកនាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំដល់ជំនាន់ក្រោយឱ្យចេះថែរក្សា និងពង្រឹងចំណងមិត្តភាពនេះឱ្យរឹងមាំថែមទៀតផង។

នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ ឯកឧត្តម ឧត្តមសេនីយ៍បម្រុង ង្វៀន ក្វាង ង៉ុក បានថ្លែងថា «ពិព័រណ៍នេះ គឺជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់ ដែលរួមចំណែកជំរុញពាណិជ្ជកម្ម បើកឱកាសកិច្ចសហប្រតិបត្តិការ និងវិនិយោគសម្រាប់ធុរកិច្ច តាមរយៈសកម្មភាពនយោបាយ វប្បធម៌ សង្គម... ព្រមទាំងពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ តាមរយៈសកម្មភាពនយោបាយ វប្បធម៌ សង្គម ព្រមទាំងពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ»។
សុន្ទរកថានៅក្នុងពិធីបើករបស់ឯកឧត្តម បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ត្រូវបានកសាងឡើងលើបាវចនា «ជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ (គ្រប់ជ្រុងជ្រោយ) និងចីរភាពយូរអង្វែង»។ ការទូតប្រជាជនមិនមែនជាគំនិតអរូបីនោះទេ ប៉ុន្តែវាត្រូវបានស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនដូចជា ការបង្កើតការងារ និងការទទួលខុសត្រូវសង្គម ដោយសហគ្រាស និងធុរកិច្ចវៀតណាមដែលមកវិនិយោគនៅកម្ពុជា មិនត្រឹមតែផ្តោតលើផលចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតការងារធ្វើរាប់ម៉ឺនកន្លែងជូនប្រជាជនមូលដ្ឋាន និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសន្តិសុខសង្គម មនុស្សធម៌ នៅតាមបណ្តាខេត្ត-ក្រុងរបស់កម្ពុជា។

ការបន្តសហការយ៉ាងជិតស្និទ្ធក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកឯកទេសវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ដែលជាសក្ខីភាពនៃមនោសញ្ចេតនា និងការដឹងគុណយ៉ាងជ្រាលជ្រៅរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មីញ ហ៊ុង កាលពីដើមខែតុលា ឆ្នាំ២០២៦ កន្លងទៅ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាគ្រឹះគ្រងភាពសុខសាន្ត និងស្ថិរភាពនៅតាមព្រំដែន។
ព្រឹត្តិការណ៍នេះបានបើកទំព័រថ្មីមួយទៀតក្នុងការរៀបចំសកម្មភាពការទូតវប្បធម៌ ដែលជួយឱ្យប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាមិត្តភក្តិអន្តរជាតិ បានឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ។ មិនត្រឹមតែលើវិស័យការពារជាតិ សន្តិសុខ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការតភ្ជាប់បេះដូង និងកសាងសហគមន៍ព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍ចីរភាពផងដែរ។

ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម - កម្ពុជា ឆ្នាំ២០២៦ មិនត្រឹមតែជាទីកន្លែងសម្រាប់ចុះកិច្ចសន្យាពាណិជ្ជកម្ម ឬទិញលក់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ពិធីបុណ្យនៃមិត្តភាព និងវប្បធម៌»។ ការរួមបញ្ចូលគ្នារវាងពាណិជ្ជកម្ម វប្បធម៌ និងការទូតប្រជាជននៅរាជធានីភ្នំពេញលើកនេះ នឹងបន្តពូនជ្រុំទំនាក់ទំនងភាតរភាពរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរស់រវើក រឹងមាំ និងមានផ្លែផ្កាបន្ថែមទៀតសម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត៕
ដោយ៖ យា ចិន្តាខន្តី





