កម្ពុជា-វៀតណាម បោះជំហានថ្មីលើវិស័យសេដ្ឋកិច្ច ដោយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ -- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម កំពុងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា។ យោងតាមទិន្នន័យដែលបានប្រកាសក្នុងពិព័រណ៍ពាណិជ្ជកម្មវៀតណាម-កម្ពុជា ឆ្នាំ២០២៦ (VIDEX CAMBODIA 2026) ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០២៥ បានសម្រេចដល់ ១១,៤ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើងជាង ១២% បើធៀបនឹងឆ្នាំ២០២៤ ហើយត្រឹមតែ ៨ខែនៃដើមឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណជិត ៨,៧ពាន់លានដុល្លារអាម៉េរិក។

បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងជាដៃគូធំទីបីនៅលើពិភពលោក។ នៅលើវិស័យវិនិយោគ វៀតណាមកំពុងអនុវត្តគម្រោងចំនួន ២២៣គម្រោងនៅកម្ពុជា ជាមួយនឹងទុនសរុបប្រហែល ៣,៤ពាន់លានដុល្លារអាម៉េរិកនៅក្នុងគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ ខណៈដែលកម្ពុជាមានគម្រោងវិនិយោគចំនួន ៥០គម្រោងនៅវៀតណាម ជាមួយនឹងទុនសរុប ៨១,៦លានដុល្លារអាម៉េរិក។ ធុរកិច្ចវៀតណាមមិនត្រឹមតែធ្វើអាជីវកម្មមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតការងារធ្វើរាប់ម៉ឺនកន្លែង រួមចំណែកក្នុងថវិកាជាតិ និងសកម្មភាពសន្តិសុខសង្គមនៅតាមមូលដ្ឋាននានារបស់កម្ពុជាផងដែរ។

ជាពិសេស ក្រោយដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មីញ ហ៊ុង កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ភាគីទាំងពីរបានឯកភាពគ្នាយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងដល់កម្រិតខ្ពស់ថ្មី ដោយកំណត់គោលដៅលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារអាម៉េរិកក្នុងពេលខាងមុខ ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ភស្តុភារកម្ម និងការផ្លាស់ប្តូររវាងធុរកិច្ច និងប្រជាជន។

ពិព័រណ៍ VIDEX CAMBODIA 2026 លើកនេះ រៀបចំឡើងនៅលើផ្ទៃក្រឡា ១០.០០០ម៉ែត្រក្រឡា ដោយមានការចូលរួមពីសហគ្រាសជិត១៦០ ដែលតាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបើកឱកាសឱ្យធុរកិច្ចនៃប្រទេសទាំងពីរជួបគ្នា និងបង្កើតភាពជាដៃគូសហការគ្នា៕

ដោយ៖ យា ចិន្តាខន្តី





