ខេត្តឧត្ដរមានជ័យ នឹងមានផ្សារសម្រាប់ឲ្យបងប្អូនសហគមន៍កសិកម្មលក់កសិផលរបស់ពួកគាត់ដោយមិនគិតថ្លៃ
AKP ឧត្ដរមានជ័យ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--រដ្ឋបាលខេត្តឧត្ដរមានជ័យកំពុងរៀបចំផ្សារកសិផល សម្រាប់ឲ្យបងប្អូនសហគមន៍កសិកម្មលក់កសិផលរបស់ពួកគាត់ដោយមិនគិតថ្លៃ ដែលបច្ចុប្បន្នការងារនេះអាជ្ញាធរកំពុងរៀបចំបានក្នុងរង្វង់ប្រហែលជា ៥០%ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យប្រាប់ទូរទស្សន៍ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ការរៀបចំកន្លែងលក់ដូរមួយនឹងរួចរាល់នៅពេលខាងមុខដោយចាប់ពីឆ្នាំ២០២៧តទៅបងប្អូនកសិករនឹងមានកន្លែងសមរម្យសម្រាប់ការលក់កសិផលរបស់ពួក ដោយមិនអស់កម្រៃ ហើយនេះក៏ជាសំណូមពររបស់អាជីវករផងដែរ ដោយអាជ្ញាធរនឹងដកចេញនូវអ្នកលក់តាមកញ្ជើ កញ្ច្រែង ល្អីនៅជុំវិញផ្សារសំរោងឲ្យគាត់មកលក់ជុំគ្នានៅផ្សារកសិផលនេះតែម្តង។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា កន្លងមកអាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ ដោយបានផ្សព្វ ផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងសុំឲ្យមានការចូលរួមពីប្រជាពលរដ្ឋ។ នៅពេលដែលយើងអនុវត្តនូវវិធីនៃការបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋបានល្អឃើញថាគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរអត់មានការរាំងស្ទះទេ គឺមានតែការគាំទ្រ នេះគឺជាអ្វីដែលយើងចង់បានពីប្រជាពលរដ្ឋ។
ឯកឧត្តម មាន ចាន់យ៉ាដា ថាឯកឧត្តមហាក់បីដូចជាមានសំណាងមួយ ដែលមកធ្វើការនៅក្នុងខេត្តឧត្តរមានជ័យ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ មានការចូលរួមពីប្រជាពលរដ្ឋ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





