ទណ្ឌិតចំនួន១៨នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៧
AKP កណ្ដាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាឱ្យសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។

លោក អភិបាលរងខេត្តកណ្ដាល បានស្នើឡើងដូច្នេះ ក្នុងកិច្ចប្រជុំ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៧ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្តាល។ ដោយបានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ ត្រូវភ្ញាក់រលឹកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយទៅជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគម្រូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀតទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្មវិធីសមាហរណកម្ម ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារខេត្តបានឱ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន ១៨នាក់ ក្នុងនោះស្រី ០៤នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៧ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ១៤នាក់ សម្រេចអោយ ១២នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែ មានចំនួន ០១នាក់ សម្រេចអោយ ០១នាក់ ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមានចំនួន ០២នាក់ និងទណ្ឌិតសុំលើកលែងទោល ០១នាក់ សម្រេចអោយ ០១នាក់។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱទណ្ឌិត ក្នុងនោះមាន ទី១ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ទី២ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទី៣ ពិធីបុណ្យវិសាខបូជា ទី៤ ពិធីបុណ្យឯករាជ្យជាតិ ទី៥ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





