អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាត្រៀមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--ប្រតិភូ មន្ត្រី កីឡាករ កីឡាការិនីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ដែលគ្រោងនឹងប្រារព្ធពិធីបើកជាផ្លូវការ នាថ្ងៃទី១៨ ខែតុលា និងពិធីបិទជាផ្លូវការ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅប្រទេសជប៉ុននេះ គឺប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាបានចេញដំណើរចំនួន២ជើងទៅដល់ទីក្រុងណាកូយ៉ា ប្រទេសជប៉ុនហើយ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ប្រតិភូកីឡាកម្ពុជានឹងត្រូវចូលរួមពិធីគោរពទង់ជាតិនៃបណ្តាប្រទេសចូលរួមនានា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែតុលា ដើម្បីបង្ហាញវត្តមានចូលរួមជាផ្លូវការរបស់បណ្តាប្រទេសនានាក្នុងអាស៊ី។ កាលពីល្ងាចថ្ងៃទីទី១៣ ខែតុលា គណៈកម្មការបច្ចេកទេសនឹងវាយតម្លៃប្រភេទពិការរបស់អត្តពលិកគ្រប់បណ្តាប្រទេសចូលរួម មុនដំណើរការប្រកួតជម្រុះនៅថ្ងៃបន្តបន្ទាប់។ ប្រតិភូ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាសរុប ៣១នាក់ ក្នុងនោះកីឡាករ កីឡាការិនី ១៧ នាក់ លើ៥ប្រភេទកីឡា ដូចជាប្រភេទកីឡាបាល់បោះរទេះ វាយកូនឃ្លីលើតុ អត្តពលកម្ម ហែលទឹក និងកីឡាបូស្យា។ ចំពោះប្រភេទកីឡាអត្តពលកម្មមានកីឡាករ២នាក់ និងកីឡាការិនីម្នាក់, កីឡាបូស្យាម្នាក់, ហែលទឹកមានកីឡាករម្នាក់, បាល់បោះជិះរទេះនារី មានកីឡាការិនី ១០នាក់ និងប្រភេទកីឡាវាយកូនឃ្លីលើតុមាន២នាក់។

ឯកឧត្តម យី វាសនា គូសបញ្ជាក់ថា អ្វីដែលពិសេសគឺប្រភេទកីឡាបាល់បោះជិះរទេះកម្ពុជា ដែលចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ហ្គេម នៅប្រទេសជប៉ុន ឆ្នាំ២០២៦នេះ គឺជាបេក្ខភាពក្រុមដែលបានប្រកួតជាប់វគ្គជម្រុះ ខណៈ៤ប្រភេទកីឡាទៀតទទួលបានសិទ្ធិអនុគ្រោះ។ ឯកឧត្តម សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកប្រធានប្រតិភូដឹកនាំប្រតិភូកីឡាជនពិការកម្ពុជានឹងដឹកនាំប្រតិភូ៥នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ដោយ ហេង ណាលីន





