ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ទឹកចិត្តសប្បុរសធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ នាំយកអំណោយជូនវីរកងទ័ពជួរមុខប្រចាំទិសអានសេះ ក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦--
លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្ដព្រះវិហារ និងព្រះគ្រូ រដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ព្រះចៅអធិការវត្តស្រុកឆែប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយរួមមាន ថវិកា នំអន្សម ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងនៅទិសអានសេះ ក្នុងខេត្តព្រះវិហារ។
សកម្មភាពសប្បុរសធម៌នេះ បានបង្ហាញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំពោះវីរកងទ័ពជួរមុខ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។ ការនាំយកអំណោយទាំងនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ហើយខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។


ក្នុងឱកាសនោះ លោក ឃិត សុធារ៉ា និងព្រះគ្រូ រដ្ឋានុរ័ក្ខ កោសល មឿន សុនិមិត្ត និងពុទ្ធបរិស័ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានខិតខំប្រឹងប្រែងជម្នះពុះពារគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកអភិបាលស្រុក រួមជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ ក៏បានជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជាបង្អែកដ៏កក់ក្តៅ និងជាសសរស្តម្ភការពារសន្តិភាពជូនជាតិមាតុភូមិកម្ពុជាជានិច្ចនិរន្តរ៍។


ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិសឹករងព្រះវិហារក៏បាន ថ្លែងអំណរព្រះគុណ និងអរគុណព្រមទាំងបង្ហាញពីការសប្បាយរីករាយដែលបានឃើញនូវទឹកព្រះទ័យ និងទឹកចិត្ដជ្រះថ្លា របស់ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ដែលជាសមរភូមិក្រោយបានចំណាយពេលវេលា ដ៏មានតម្លៃនាំយកអំណោយដែលជាទឹកចិត្តមកប្រគល់ជូនដល់វីរៈកងទ័ពរបស់យើងនាពេលនេះ។ លោកឧត្តមសេនីយ៍ទោបានបន្ថែមថា សកម្មភាពសប្បុរសធម៌ទាំងនេះ បានបង្ហាញឱ្យឃើញពីការចូលរួមគាំទ្រដល់វីរៈយុទ្ធជនជួរមុខដែលកំពុងឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនយ៉ាងអង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីរបស់យើង។
សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ បានមកពីបណ្តាវត្តមួយចំនួនស្ថិតក្នុងស្រុកឆែប ខេត្ដព្រះវិហារ និងសប្បុរសជនជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត៕


ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





