ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នារៀបចំគម្រោងសាងសង់ការពារច្រាំងទន្លេ ដោយស្នើមកក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយបច្ចេកទេសឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា ការបាក់ស្រុតច្រាំងទន្លេ ស្ទឹង និងព្រែក តែងតែកើតមានឡើងក្នុងរដូវវស្សា និងរដូវប្រាំង ដែលបង្កឡើងដោយសារកត្តាធម្មជាតិ និងសកម្មភាពរបស់មនុស្ស ហើយដែលបណ្តាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋ ទ្រព្យសម្បត្តិឯកជន លំនៅដ្ឋាន និងដីចម្ការជាដើម៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





