ពិព័រណ៍ឧស្សាហកម្មដ៏ធំបំផុតរបស់អាស៊ីបើកដំណើរការនៅទីក្រុងសៀងហៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានតាសស៍ បានរាយការណ៍ថា ពិព័រណ៍ឧស្សាហកម្មអន្តរជាតិចិន (CIIF) លើកទី២៦ ដែលជាពិព័រណ៍ធំបំផុតនៅអាស៊ី បានបើកដំណើរការហើយនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
ក្រុមហ៊ុនបច្ចេកវិទ្យាប្រហែល៣.០០០ មកពីប្រទេសចិន និងប្រទេសដទៃទៀតកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ ចំណុចសំខាន់នៃពិព័រណ៍ CIIF គឺផ្តោតលើការផលិតបែបឆ្លាតវៃ និងទំនើប។ មានការរៀបចំស្តង់ដាច់ដោយឡែកសម្រាប់គ្រឿងម៉ាស៊ីនកែច្នៃលោហៈ ថាមពលជំនួស វិស័យដឹកជញ្ជូនបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង សម្ភារៈនវានុវត្តន៍ និងគ្រឿងអេឡិចត្រូនិក។
ពិព័រណ៍នេះមានដាក់បង្ហាញនូវមនុស្សយន្តឧស្សាហកម្ម និងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មស្វ័យប្រវត្តិ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាការមើលឃើញរបស់ម៉ាស៊ីន និងដំណោះស្រាយនវានុវត្តន៍ផ្សេងទៀតដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។ ពិព័រណ៍ CIIF នេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិ ដោយមានផ្ទៃដីពិព័រណ៍សរុបជាង៣០០.០០០ម៉ែត្រក្រឡា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)


