សីតុណ្ហភាពនៅទីក្រុងសេអ៊ូលបំបែកកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែតុលា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ សីតុណ្ហភាពពេលថ្ងៃនៅទីក្រុងសេអ៊ូលបានកើនឡើងដល់ ៣០,១អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែតុលា ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមកត់ត្រាសីតុណ្ហភាពនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩០៧ មក។
ទិន្នន័យរបស់ទីក្រុងសេអ៊ូលសម្រាប់ថ្ងៃចន្ទ បានជំនួសកំណត់ត្រាខែតុលាដែលធ្លាប់បានកត់ត្រាកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩១៣។ យោងតាមគោលការណ៍ណែនាំស្តង់ដារផ្នែកឧតុនិយម បានឱ្យដឹងថា សីតុណ្ហភាពដែលបានកត់ត្រាចុងក្រោយនឹងត្រូវចាត់ទុកជាកំណត់ត្រាថ្មីជំនួសកំណត់ត្រាចាស់ ប្រសិនបើកម្រិតសីតុណ្ហភាពនោះមានចំនួនស្មើគ្នា។
នៅទីក្រុងដេជុន សីតុណ្ហភាពនៅពេលថ្ងៃត្រង់បានកើនឡើងដល់៣១,៥អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតថ្មីសម្រាប់ខែតុលា ចាប់តាំងពីការចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ១៩៦៩ មក ដោយបានវ៉ាដាច់កំណត់ត្រាចាស់កម្រិត ៣១,២អង្សាសេ ដែលបានកត់ត្រាកាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០២១។
កំណត់ត្រាសីតុណ្ហភាពសម្រាប់ខែតុលា ក៏ត្រូវបានបំបែកផងដែរនៅតំបន់មួយចំនួនដូចជា តំបន់ជឹងហ្កាប់ ក្នុងខេត្តជេអូលឡាខាងជើង(៣១,១អង្សាសេ) តំបន់ជឹងជូ ក្នុងខេត្តជុងជឹងខាងជើង (៣០,៦អង្សាសេ)តំបន់ហ្គូមី (៣០អង្សាសេ) តំបន់សាងជូ ខេត្តគ្យឹងសាងខាងជើង (២៩,៥អង្សាសេ) និងតំបន់អាន់ដុង ខេត្តគ្យឹងសាងខាងជើង (២៩អង្សាសេ) តំបន់យឹងវ៉ុល(២៩,៨អង្សាសេ) តំបន់វ៉ុនជូ (២៩,៣អង្សាសេ) តំបន់ជុនជឹង (២៨,៨អង្សាសេ) និងតំបន់ជឹងសឹន (២៨,៨អង្សាសេ) ក្នុងខេត្តហ្កាងវ៉ុន ព្រមទាំងតំបន់អ៊ីឆឹន ក្នុងខេត្តគ្យីងគី (២៩,១អង្សាសេ)។
រលកកម្ដៅខុសរដូវកាលនៅចុងរដូវនេះ នឹងបញ្ចប់ទៅវិញបន្ទាប់ពីមានភ្លៀងធ្លាក់នៅទូទាំងប្រទេសរហូតដល់ថ្ងៃអង្គារ ព្រមទាំងមានការហូរចូលនៃខ្យល់ត្រជាក់មកពីទិសខាងជើង។ សីតុណ្ហភាពនៅព្រឹកថ្ងៃពុធ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងមកនៅចន្លោះពី ៥ ទៅ ១៤អង្សាសេ។
ខ្យល់បក់មកពីទិសខាងកើត គឺជាមូលហេតុនៃអាកាសធាតុក្ដៅខុសរដូវកាលនេះ ដោយសីតុណ្ហភាពបានកើនឡើងខ្ពស់ជាងកម្រិតធម្មតាប្រចាំរដូវកាលជិត ១០អង្សាសេ។
នៅពេលដែលខ្យល់បក់មកពីទិសខាងកើតទាំងនេះឆ្លងកាត់ជួរភ្នំTaebaek វាបានឆ្លងកាត់ដំណើរការកម្ដៅបែប Foehn (ខ្យល់ស្ងួត និងក្ដៅដែលចុះពីលើភ្នំ) ដែលបណ្តាលឱ្យសីតុណ្ហភាពនៅតំបន់ភាគខាងលិចកើនឡើងយ៉ាងខ្លាំង៕


