កូរ៉េខាងត្បូងគ្រោងនឹងបញ្ចប់ការលើកលែងកាតព្វកិច្ចយោធាសម្រាប់អត្តពលិក និងសិល្បករ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- ប្រធានរដ្ឋបាលកម្លាំងយោធា(MMA) របស់ប្រទេសកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងមានគម្រោងកាត់បន្ថយជាបណ្តើរៗនូវការរៀបចំពិសេសពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចយោធាសម្រាប់អត្តពលិក និងសិល្បករ ព្រមទាំងរឹតបន្តឹងលក្ខខណ្ឌតម្រូវសម្រាប់អ្នកចូលរួមក្នុងការប្រកួតសិល្បៈអន្តរជាតិ។
លោកស្រី ហុង សូយ៉ាំង ប្រធានរដ្ឋបាល MMA បានប្រាប់សមាជិកសភាក្នុងអំឡុងពេលកិច្ចប្រជុំត្រួតពិនិត្យការងាររបស់រដ្ឋសភាថាលោកស្រីគាំទ្រផែនការរបស់ក្រសួងការពារជាតិក្នុងការកាត់បន្ថយកម្មវិធីលើកលែងនេះ មុននឹងឈានទៅលុបចោលកម្មវិធីនេះទាំងស្រុងនៅពេលអនាគត។
លោកស្រី ហុង បាននិយាយថា «ជំហររបស់យើង គឺដូចគ្នាទៅនឹងជំហររបស់ក្រសួងការពារជាតិដែរ»។ លោកស្រីបានបន្ថែមថា សំណើនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យចុងក្រោយ ដែលជាផ្នែកមួយនៃផែនការកំណែទម្រង់វិស័យការពារជាតិរបស់រដ្ឋាភិបាល ហើយនឹងត្រូវប្រកាសជាសាធារណៈក្នុងពេលឆាប់ៗនេះ។
យោងតាមវិធានការដែលបានបង្ហាញជូនគណៈកម្មាធិការការពារជាតិរបស់រដ្ឋសភា ទីភ្នាក់ងារ MMA មានគម្រោងកំណត់លក្ខខណ្ឌតម្រូវឱ្យមានតែអ្នកឈ្នះចំណាត់ថ្នាក់លេខមួយនៅក្នុងការប្រកួតសិល្បៈអន្តរជាតិប៉ុណ្ណោះ ទើបអាចទទួលបានសិទ្ធិលើកលែងនេះបាន ដោយមិនអនុញ្ញាតឱ្យទាំងអ្នកឈ្នះចំណាត់ថ្នាក់លេខមួយ និងលេខពីរទទួលបានសិទ្ធិនេះដូចមុនទៀតទេ។
ទីភ្នាក់ងារនេះក៏មានគោលបំណងកាត់បន្ថយចំនួនអ្នកឈ្នះដែលមានសិទ្ធិទទួលបានការលើកលែងពីការប្រកួតសិល្បៈប្រពៃណីក្នុងស្រុក ដោយកំណត់យកតែមួយនាក់ប៉ុណ្ណោះក្នុងមួយព្រឹត្តិការណ៍ ជំនួសឱ្យការកំណត់យកពីរ ឬបីនាក់ដូចមុន។ ទីភ្នាក់ងារបានបញ្ជាក់ថា ៨៦,៦% នៃសិល្បករដែលត្រូវបានទទួលយកចូលក្នុងកម្មវិធីនេះក្នុងរយៈពេល ៥ឆ្នាំកន្លងមក គឺជាអ្នកដែលទទួលបានសិទ្ធិឆ្លងកាត់តាមរយៈការប្រកួតក្នុងស្រុក។
ច្បាប់ និងលក្ខខណ្ឌតម្រូវសម្រាប់អត្តពលិកក៏នឹងត្រូវធ្វើការពិនិត្យឡើងវិញផងដែរ ដោយគិតគូរពីការទទួលយករបស់សាធារណជនចំពោះប្រព័ន្ធនេះ។
លោកស្រី ហុង បានព្រមានថា ការកែទម្រង់ដ៏ធំនេះនឹងត្រូវចំណាយពេល។ ការសិក្សាមួយដែលត្រូវបានចាត់ចែងឱ្យធ្វើឡើងនោះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងខែវិច្ឆិកា ហើយបន្ទាប់មក ទីភ្នាក់ងារនឹងធ្វើការពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងក្រុមដែលរងផលប៉ះពាល់។
លោកស្រីបានមានប្រសាសន៍ថា «យើងមិនអាចលុបចោលប្រព័ន្ធនេះក្នុងរយៈពេលដ៏ខ្លីនោះទេ។ ខ្ញុំនឹងទទួលខុសត្រូវក្នុងការរៀបចំការផ្លាស់ប្តូរដ៏សមស្របមួយចំពោះលក្ខខណ្ឌតម្រូវនានានៅឆ្នាំក្រោយ ប៉ុន្តែវាពិតជាពិបាកនឹងបញ្ចប់ផែនការនេះឱ្យបានរួចរាល់នៅត្រឹមចុងឆ្នាំនេះណាស់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)


