រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកចំនួន១០០ទូក ក្នុងថ្ងៃបុណ្យចេញព្រះវស្សានាពេលខាងមុខនេះ
AKP កំពង់ចាម ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការប្រណាំងទូក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃបុណ្យចេញព្រះវស្សានាពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំ ព្រឹត្តិការណ៍ប្រណាំងទូកនៅក្រុងកំពង់ចាម ដែលមានទូកសរុបចំនួន១០០ទូកចូលរួម ក្នុងនោះ ទូកង «ង» ចំនួន៥២ទូក ស្មើនឹង២៦គូ ទូកខ្នាតអន្តរជាតិចំនួន៤៨ទូក ស្មើនឹង២៤គូ។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការការងារឱ្យបានច្បាស់លាស់ដើម្បីដំណើរការទៅដោយរលូន ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកចូលរួមទស្សនា កម្សាន្ត។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ដឹងថា ព្រឹត្តិការណ៍ប្រណាំងទូក «ង» នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃ២៦ ខែតុលា ដែលជាថ្ងៃចេញព្រះវស្សា។ ជាមួយ គ្នានេះ រដ្ឋបាលខេត្តក៏មានព្រឹត្តិការណ៍ជាច្រើនទៀតដូចជាការដាក់តាំងពិព័រណ៍ផលិតផលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦។ ការប្រគុំតន្ត្រីមានរយៈ៣ថ្ងៃ គឺថ្ងៃទី២២ ២៣ និង២៤។ ការសម្តែងសិល្បៈល្ខោនបាសាក់ចំនួន១ យប់ គឺយប់ថ្ងៃទី២៥ និងប្រដាល់គុនខ្មែរ១យប់ គឺយប់ថ្ងៃទី២៦។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមទស្សនា កម្សាន្ត សប្បាយជាមួយព្រឹត្តិការណ៍ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសមានសុខសន្តិភាពពេញផ្ទៃប្រទេស ប្រជាពលរដ្ឋរស់នៅ ប្រកបដោយក្តីសុខសប្បាយ និងមានសិទ្ធិសេរីភាពគ្រប់យ៉ាងក្រោមការផ្តល់ជូនដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕
ដោយ ឆាយ ម៉ុត





