សាលារៀន Dreamy កូរ៉េខាងត្បូងនឹងបង្កើតសាខានៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee Sa-hoon នាយកសាលារៀន Dreamy នៃខេត្ត Chungcheongnam-do សាធារណរដ្ឋកូរ៉េ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខភាពសិក្សា។

ក្នុងជំនួបនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លោក Lee Sa-hoon នាយកសាលារៀន Dreamy បានធ្វើបទបង្ហាញអំពីចក្ខុវិស័យរបស់សាលារៀន Dreamy ដែលផ្ដោតលើការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យពីធម្មជាតិរបស់សិស្សម្នាក់ៗ តាមរយៈការអនុវត្ត និងការហ្វឹកហាត់ជាក់ស្ដែង ដើម្បីឱ្យសិស្សមានជំនាញចាំបាច់សម្រាប់ជីវិត និងអាចអភិវឌ្ឍន៍ខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងទេពកោសល្យលេចធ្លោ។ ក្នុងន័យនេះលោកនាយកសាលាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការថែរក្សាសុខភាព និងសុខុមាលភាពរបស់សិស្ស មិនត្រឹមតែតាមរយៈការយកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ ការធ្វើលំហាត់ប្រាណជាប្រចាំ និងការពង្រឹងបញ្ញាស្មារតីប៉ុណ្ណោះទេ ថែមទាំងជាការបណ្ដុះវិន័យ ការធ្វើការងារជាក្រុម និងជំនាញទន់ផ្សេងៗទៀតអំឡុងពេលសិស្សស្នាក់នៅសាលា។
លោកបានគូសបញ្ជាក់ផងដែរថា សាលារៀន Dreamy នឹងផ្ដល់ឱ្យសិស្សានុសិស្សកម្ពុជាទទួលបាននូវស្ដង់ដានៃការអប់រំ និងការបណ្ដុះបណ្ដាលកម្រិតខ្ពស់ស្របនឹងសមត្ថភាព និងទេពកោសល្យពីធម្មជាតិរបស់សិស្សម្នាក់ៗ ខណៈកម្ពុជានឹងក្លាយជាប្រទេសទី៤លើពិភពលោកដែលសាលារៀន Dreamy បង្ហាញវត្តមាន បន្ទាប់ពីសាធារណរដ្ឋកូរ៉េ ហ្វីលីពីន និងសហរដ្ឋអាមេរិក។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយក និងក្រុមការងារសាលារៀន Dreamy ចំពោះការធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធដ៏មានតម្លៃ ដែលបានផ្ដល់នូវទស្សនៈថ្មីៗដល់គណៈប្រតិភូកម្ពុជា ក្នុងការស្វែងយល់អំពីគំរូអប់រំដែលផ្ដោតលើការអភិវឌ្ឍសិស្សជាលក្ខណៈបុគ្គល។ លោកជំទាវបានលើកឡើងបន្ថែមថា សាលារៀន Dreamy មិនត្រឹមតែផ្ដោតលើការផ្ដល់ចំណេះដឹងផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការគ្រប់គ្រងអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងការរៀបចំការសិក្សាឱ្យស្របតាមតម្រូវការ និងសមត្ថភាពរបស់សិស្សម្នាក់ៗ ដែលជាគោលគំនិតនៃការអប់រំរបស់សាលារៀន Dreamy ក្នុងការលើកទឹកចិត្តឱ្យសិស្សរៀនសូត្រ និងបង្កើតមេរៀនតាមរយៈក្ដីស្រមៃ និងចំណង់ចំណូលចិត្តរបស់ខ្លួន គឺជាបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ការសិក្សាស្វែងយល់ និងការអភិវឌ្ឍវិស័យអប់រំ។

ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ATOMY ដែលបានគាំទ្រដល់ការបង្កើតសាលារៀន Dreamy ព្រមទាំងបានសម្របសម្រួលការរៀបចំដំណើរទស្សនកិច្ចនេះ ដែលបានផ្ដល់ឱកាសដល់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាស្វែងយល់អំពីការអប់រំផ្អែកលើគុណតម្លៃជីវិត ការរៀនសូត្រក្នុងសហគមន៍បែបស្នាក់នៅ ការបណ្ដុះស្មារតី និងការចូលរួមយ៉ាងសកម្មរបស់សិស្សតាមរយៈការរៀនតាមបទពិសោធ ព្រមទាំងទំនាក់ទំនងរវាងការបណ្ដុះចរិតលក្ខណៈ និងការរៀនសូត្រផ្នែកសិក្សា។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការគាំទ្រដោយសេចក្ដីសោមនស្សរីករាយចំពោះគម្រោងបង្កើតសាលារៀន Dreamy នៅកម្ពុជាក្នុងឆ្នាំ២០២៧ ខាងមុខនេះ ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដោយចាត់ទុកការអប់រំ និងការបណ្ដុះបណ្ដាលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





