រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរផ្ទៃជិត២០ម៉ឺននាក់
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦-- បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន១៩៥.៩៩៤នាក់ ថយចុះ ៩,៦៦% បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១៩០.១២២នាក់ ថយចុះ១០,០១% និងភ្ញៀវបរទេសសរុបមានចំនួន៥.៨៧២នាក់ កើនឡើង៣,៥៩%។

ភ្ញៀវទេសចរកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តមានចំនួន១៩៣.៧៨០នាក់ ថយចុះ៩,៤៧% ក្នុងនោះភ្ញៀវជាតិមានចំនួន ១៨៩.១៣៧នាក់ ថយចុះ ៩,៨៧% និងភ្ញៀវបរទេសមានចំនួន ៤.៦៤៣នាក់ កើនឡើង ១០,៥២%។ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន១១ជើង លើសឆ្នាំមុន១ជើង មានភ្ញៀវសរុប៥៨៣នាក់ កើនឡើង១,២១% ក្នុងនោះភ្ញៀវជាតិ៧នាក់ កើនឡើង១៦,៦៦% និងភ្ញៀវអន្តរជាតិមានចំនួន ៥៧៦នាក់ កើនឡើង១,០៥%។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ មានចំនួន ១.៦៣១នាក់ ថយចុះ ២៩,៣៦% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៩៧៨នាក់ ថយចុះ ៣០,៧៣% និងភ្ញៀវបរទេសមានចំនួន ៦៥៣នាក់ ថយចុះ ២៧,២០%៕



ដោយ ងូ សុមុនី





