ទូតកម្ពុជាប្រចាំប្រទេសកូរ៉េជួបពិភាក្សាការងារជាមួយអភិបាលក្រុងអឺយចុងប៊ូ សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Won Ki អភិបាលក្រុងអឺយចុងប៊ូ នៅសាលាក្រុងអឺយចុងប៊ូ ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃជំនួប កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់លោកអភិបាលក្រុង ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់ ពិសេសតែងសហការផ្តល់ទីតាំងសម្រាប់បងប្អូនសហគមន៍ខ្មែរប្រារព្ធពិធីបុណ្យធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។

ឯកឧត្តម បានសង្កត់ធ្ងន់ថា អឺយចុងប៊ូគឺជាតំបន់ជួបជុំដ៏សំខាន់របស់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅក្នុងតំបន់នេះ និងតំបន់ជុំវិញ ក្នុងន័យនេះ ឯកឧត្តមសង្ឃឹមថាស្ថានទូតកម្ពុជានឹងអាចបន្តធ្វើការយ៉ាងជិតស្និតជាមួយសាលាក្រុងអឺយចុងប៊ូ នាពេលខាងមុខ ក្នុងកិច្ចការពារប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់អឺយចុងប៊ូ និងតំបន់ជុំវិញ និងបានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាព ក្នុងការរៀបចំកម្មវិធីវប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ នាពេលខាងមុខ។

លើសពីនេះ ឯកឧត្តមក៏សង្ឃឹមថា ក្រុងអឺយចុងប៊ូ នឹងអាចពង្រីកចំណងសហប្រតិបត្តិការរវាងក្រុងអឺយចុងប៊ូ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ដោយផ្សារភ្ជាប់តំបន់ឧស្សាហកម្មរបស់ក្រុងអឺយចុងប៊ូ ទៅនឹងតំបន់ឧស្សាហកម្មនៅប្រទេសកម្ពុជា ពិសេសក្រុងព្រះសីហនុ។

លោកអភិបាលក្រុង Kim បានស្វាគមន៍ចំពោះប្រសាសន៍របស់ឯកឧត្តមឯកអគ្គរាជទូត និងសន្យាធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលាក្រុងអឺយចុងប៊ូ និងស្ថានទូត និងរវាងសាលាក្រុងអឹយចុងប៊ូ និងប្រទេសកម្ពុជា។ លោក Kim បានបន្តថា លោកនឹងបង្កើនការយកចិត្តទុកដាក់ចំពោះការការពារសុខសុវត្ថិភាពរបស់បងប្អូនសហគមន៍ខ្មែរ ដែលរស់នៅក្នុងតំបន់អឹយចុងប៊ូ និងនៅតំបន់នានាក្បែរតំបន់អឺយចុងប៊ូ៕

ដោយ៖ ប៊ុនរិទ្ធ





