សម្ដេចធិបតី៖ លោក អ៊ុ សំអានហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់
AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦–តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃទី១១ ខែតុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្ដេចបានស្តាប់សាររបស់លោក អ៊ុ សំអាន ឆ្លើយតបនឹងការអញ្ជើញរបស់សម្ដេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
ក្នុងសំណេរនោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងសាររបស់គាត់ប្រមាណ ៨០នាទី ក្រៅពីនិយាយអំពីបញ្ហាដដែលៗ ដែលរូបគាត់តែងតែនិយាយនាពេលកន្លងមកដោយគ្មានមូលដ្ឋានច្បាស់លាស់ លោក អ៊ុ សំអាន មិនទាន់បានឆ្លើយតបជាក់លាក់ឡើយ ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច។
អ្វីដែលសម្ដេចយល់ គឺថា«គាត់ហាក់ដូចជាមិនហ៊ានមកកម្ពុជាតាមការអញ្ជើញដើម្បីជជែកគ្នាដោយសារគាត់ខ្លាចស្លាប់ ឬគ្រោះថ្នាក់ដោយអាចមានគេលបបាញ់គាត់ ឬវាយគាត់បែកក្បាល។ គាត់ថាបើជួបនៅក្រៅប្រទេសគាត់ជួប»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក អ៊ុ សំអាន សម្ដេចសូមបញ្ជាក់៖
១. ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុ សំអាន និងក្រុមការងារ ៖
. សម្ដេចសូមបញ្ជាក់សាជាថ្មី នូវការធានាអំពីសុវត្ថិភាពរបស់លោក និងក្រុមរបស់លោក ក្នុងអំឡុងពេល ដែលលោក និងក្រុមរបស់លោក មានវត្តមាននៅប្រទេសកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក ចាកចេញផុតពីកម្ពុជា។
. បើលោកមិនទុកចិត្ត សម្ដេច និងរាជរដ្ឋាភិបាល លោកអាចពឹងពាក់ឱ្យមានការជួយឃ្លាំមើលសុវត្ថិភាពរបស់លោកពីសំណាក់ស្ថានទូតបរទេសណាមួយនៅកម្ពុជា ឬអង្គការសង្គមស៊ីវិលណាដែលលោកទុកចិត្តបន្ថែមក៏បាន។
. បើសិនជា សម្ដេចមានបំណងអាក្រក់អ្វីមួយចំពោះរូបលោក អ៊ុ សំអាន សម្ដេចមិនមានការចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះបើមានអ្វីកើតឡើងចំពោះរូបលោក គឺសម្ដេចទេដែលជាអ្នកខាតធំជាងគេ ដោយនឹងត្រូវខាតបាត់នូវទំនុកចិត្តជាមេដឹកនាំ ក៏ដូចជារងការចោទប្រកាន់នានាផងដែរ។
២. ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា ៖
. ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ៖
. គោលដៅទី១ - គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស ជាអាទិ៍អ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់និងធ្វើជាសាក្សី នូវការជជែកគ្នានោះ។ ហេតុដូច្នេះ បើលោក អ៊ុ សំអាន នៅទុកចិត្តនិងផ្តល់តម្លៃឱ្យប្រជាពលរដ្ឋខ្មែរក្នុងប្រទេស លោកមិនគួរបដិសេធការជជែកគ្នានៅក្នុងប្រទេសកម្ពុជា លើកលែងតែលោកយល់ថាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចទុកចិត្តបាន ឬមិនមានតម្លៃស្មើសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
. គោលដៅទី២ - គឺសម្ដេចមិនចង់ឱ្យការជជែកគ្នា បានត្រឹមតែជជែកនៅលើតុ ប្រើក្រដាសរៀងៗខ្លួនតែប៉ុណ្ណោះទេ ព្រោះធ្វើបែបនេះវាអត់បានបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ វានាំតែខាតពេលវេលា និងអាចឱ្យកាន់តែច្របូកច្របល់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែលតាមដានករណីនេះ។ ក្នុងករណីដែលការជជែកគ្នានៅលើតុ មិនច្បាស់លាស់ និងដាច់ស្រេច មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេទើបអាចផ្តល់ភាពច្បាស់លាស់បាន។ ហេតុដូច្នេះ មានតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជាទេ ទើបអនុញ្ញាតឱ្យយើងចុះទៅផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែងក្នុងករណីចាំបាច់។
សម្ដេចនៅតែសង្ឃឹមថា លោក អ៊ុ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្ត និងការផ្តល់តម្លៃរបស់លោក អ៊ុ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេសផងដែរ៕

ដោយ៖ គង់ សិរីរ័ត្ន





